អតីតមន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់ម្នាក់ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីលោក Joe Biden ប្រហែលជាទុករឿងកេរ្តិ៍ឈ្មោះមួយឡែកហើយ បន្ទាប់ពីការសម្រេចចិត្តលើកលែងទោសឱ្យកូនប្រុសលោកឈ្មោះ Hunter Biden នៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនពីរ។
មន្ត្រីរូបនេះ ដែលបច្ចុប្បន្នជាឥស្សរជនលេចធ្លោនៅក្នុងគណបក្សសាធារណរដ្ឋ បាននិយាយថា សកម្មភាពរបស់លោកប្រធានាធិបតី Biden ដោយអ្នកខ្លះនិយាយថាលោក កំពុងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯង ។
លោក Biden បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយផ្តល់ការលើកលែងទោសដល់កូនប្រុសឈ្មោះ Hunter ដែលរងការចោទប្រកាន់ថាមានពិរុទ្ធពីបទប្រើកាំភ្លើង និងការចោទប្រកាន់គេចពន្ធដោយតុលាការសហព័ន្ធនៅរដ្ឋ Delaware និង California ទោះបីជាមានការសន្យាពីមុនថានឹងមិនធ្វើអន្តរាគមន៍ក៏ដោយ។
ទោះជាយ៉ាងណា លោក Biden អះអាងថា កូនប្រុសរបស់លោក ត្រូវបានកាត់ទោសដោយអយុត្តិធម៌។
គួរបញ្ជាក់ថា លោក Hunter ប្រឈមមុខនឹងសវនាការកាត់ទោសនៅរដ្ឋ Delaware និង California ដែលគ្រោងធ្វើនៅថ្ងៃទី ១២ និង ១៦ ខែធ្នូនេះ៕
ដោយ៖ ពេជ្រ