នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានបញ្ជាក់ថា លោកនឹងចូលរួមការប្រារព្ធទិវាជ័យជំនះរបស់ប្រទេសរុស្ស៊ីនៅទីក្រុងមូស្គូនៅថ្ងៃទី ៩ ខែឧសភា ហើយក៏បានច្រានចោលការព្រមានរបស់លោក Vladimir Zelensky អំពីហានិភ័យសន្តិសុខនៅថ្ងៃទិវាជ័យជម្នះរុស្ស៊ីផងដែរ។ លោកបញ្ជាក់ថា ការព្រមានរបស់ប្រធានាធិបតីអ៊ុយក្រែនជារឿងគួរឱ្យអស់សំណើច។

សូមជម្រាបថា ក្បួនព្យុហយាត្រាថ្ងៃទី ៩ ខែឧសភានៅទីក្រុងម៉ូស្គូនឹងប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់។វិមានក្រឹមឡាំងបានបន្តការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះទៅកាន់មេដឹកនាំនៃប្រទេសស៊ែប៊ី ស្លូវ៉ាគី ចិន ឥណ្ឌា និងប្រេស៊ីល ក្នុងចំណោមប្រទេសដទៃទៀត។
កាលពីខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើបទឈប់បាញ់ជាឯកតោភាគីរយៈពេល ៧២ ម៉ោងសម្រាប់ជម្លោះអ៊ុយក្រែន ដើម្បីស្របពេលជាមួយនឹងការប្រារព្ធទិវាជ័យជំនះខាងលើនេះ។ ប៉ុន្តែលោក Zelensky បានច្រានចោលការស្នើរបស់លោក ពូ ទីន ដោយហៅការស្នើនោះថា ជាការសម្តែងល្ខោន និងបានតស៊ូមតិសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដោយគ្មានលក្ខខណ្ឌ។ យ៉ាងណាក៏ដោយមន្ត្រីរុស្ស៊ីបានបដិសេធ ហើយលើកទ្បើងថា បទឈប់បាញ់បណ្តោះអាសន្នថ្មីដែលស្នើដោយ Zelensky នឹងផ្តល់ឱកាសឱ្យក្រុងគៀវប្រមូលផ្តុំ និងរៀបចំទ័ពឡើងវិញ។
គួររំលឹកថា កាលពីដើមសប្តាហ៍នេះលោក Zelensky បានគំរាមមេដឹកនាំបរទេសជៀសវាងការមកចូលរួមក្នុងទិវាជ័យជម្នះ ៩ ឧសភានៅទីក្រុងម៉ូស្គូ ដោយលើកឡើងថានឹងមានហានិភ័យសន្តិសុខដែលអាចកើតមាននាពេលនោះ។ មន្ត្រីរុស្ស៊ីបានចោទប្រកាន់លោក Zelensky ពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពជនស៊ីវិលដែលចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃទី ៩ ឧសភា។
ទោះជាយ៉ាងណាក៏ដោយលោក Fico បាននិយាយថាការគំរាមកំហែងដែលចេញដោយ Kiev នឹងមិនរារាំងគាត់ពីការចូលរួមក្នុងពិធីរំលឹកខួបជ័យជម្នះនោះទេ។
លោក Fico បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា “តាមគំនិតរបស់ខ្ញុំ វាគួរឱ្យអស់សំណើចខ្លាំងណាស់សម្រាប់ការគំរាមរបស់ Zelensky ហើយខ្ញុំបដិសេធការគំរាមកំហែងបែបកុហកបែបនេះ”។ លោកសង្កត់ធ្ងន់ថា យ៉ាងណា ខ្ញុំនឹងទៅចូលរួមការប្រារព្ធខួបលើកទី ៨០នៃទិវាជ័យជំនះនៅទីក្រុងម៉ូស្គូ”។
លោក Fico បានអះអាងថា ការព្រមានរបស់លោក Zelensky គឺវាមានប្រសិទ្ធភាពតែចំពោះមេដឹកនាំដែលបានបានអញ្ជើញឱ្យចូលរួមប៉ុណ្ណោះ ព្រោះគេគិតថា អ៊ុយក្រែនអាចនឹងសងសឹកតាមមធ្យោបាយណាមួយនៅថ្ងៃនោះ។ លោកថា ទាំងនេះគឺជារឿងដែលមិនអាចទទួលយកបានសម្រាប់ខ្ញុំ។
លោកក៏បានឆ្លើយតបនឹងការលើកទ្បើងរបស់លោក Zelensky ដែលគំរាមថាក្រុង Kiev មិនធានាសន្តិសុខសម្រាប់អ្នកចូលរួមនោះទេ។ លោកថា Zelensky មិនអាចធានាសុវត្ថិភាពនៃការចូលរួមរបស់ថ្នាក់ដឹកនាំបានទេ ព្រោះទីនោះត្រូវបានការពារដោយម៉ូស្គូហើយតើ មិនមែនភារកិច្ចរបស់ Zelensky ទ្បើយ។
អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Kaja Kallas ធ្លាប់បានព្រមានកាលពីខែមេសាថា ប្លុកនេះមិនចង់បានសមាជិក ឬមេដឹកនាំរដ្ឋណាមួយដែលទៅចូលរួមទិវានៅរុស្ស៊ីនោះទេ។
ប៉ុន្តែលោក Fico បានណែនាំលោកKallas និងអ្នកផ្សេងទៀតថា ដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរជាងនេះ តើខ្ញុំនឹងទៅឬមិនទៅការប្រារព្ធខួបលើកទី ៨០ នៅរុស្ស៊ីនេះ គួរគិតមើលទៅ៕

ដោយ៖ ពេជ្រ