រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយ សាស្ត្រាចារ្យ ហុង វួយ (HONG WEI) ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យ SUSTech នៃប្រទេសចិន។

ក្នុងឱកាសជំនួបពិភាក្សានេះ លោកសាស្ត្រាចារ្យ ហុង វួយ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧទ្ទេសនាមបេក្ខជននិស្សិតប្រកបដោយសមត្ថភាពខ្ពស់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech កន្លងមកនេះ និងសូមកោតសរសើរភាពសកម្មរបស់និស្សិតកម្ពុជា ទាំងក្នុងការសិក្សា និងការចែករំលែកអំពីវប្បធម៌ខ្មែរ។ លោលសាស្ត្រាចារ្យ ក៏បានស្នើសុំបន្តសុពលភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំជាមួយភាគីកម្ពុជា ដោយបន្តជ្រើសរើសនិស្សិតកម្ពុជាដែលសមស្របតាមលក្ខខណ្ឌឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech។
លោកសាស្ត្រាចារ្យបានបង្ហាញនូវចំណាប់អារម្មណ៍បង្កើតកម្មវិធីបណ្ដុះបណ្ដាលរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដោយអនុវត្តកម្មវិធីឆ្នាំសិក្សាថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីនិស្សិតកម្ពុជាសិក្សាមុខវិជ្ជាមួយចំនួននៅកម្ពុជា មុននឹងទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ SUSTech ដែលមានចំណាប់អារម្មណ៍ខ្ពស់លើការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងស្នើសាកលវិទ្យាល័យ SUSTech ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានភាពលេចធ្លោនៅកម្ពុជា និងផ្តល់អាហារូបករណ៍ដើម្បីឱ្យនិស្សិតកម្ពុជាកាន់តែច្រើនមានឱកាសទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ដ្រឈានមុខនៅសាកលវិទ្យាល័យ SUSTech។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕


