ប្រទេសប៉ាគីស្ថាន បានបង្កើនការត្រៀមខ្លួន ដោយការដាក់ពង្រាយកងទ័ពនៅតាមខ្សែបន្ទាត់ក្បែរតំបន់កាស្មៀរ របស់ឥណ្ឌា ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងប្រទេសទាំង ២ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅ Pahalgam កាលពីថ្ងៃទី ២២ ខែមេសា។

ប្រទេសប៉ាគីស្ថាន កំពុងដាក់ពង្រាយកងពលពាសដែក និងថ្មើរជើង ហើយធ្វើសមយុទ្ធដ៏ខ្លាំងក្លា ដើម្បីពង្រឹងអង្គភាពយោធារបស់ខ្លួន ខណកំពុងមានភាពតានតឹង។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា ទីក្រុង Islamabad មិនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏សាហាវមួយនៅ Pahalgam ក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ដែលសម្លាប់មនុស្ស ២៦នាក់ នោះទេ។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានជំរុញឱ្យអង្គការសហប្រជាជាតិដើរតួនាទីរបស់ខ្លួនក្នុងការដោះស្រាយជម្លោះលើតំបន់កាស្មៀរ ដោយអនុលោមតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ។
យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយប៉ាគីស្ថាន លោក Attaullah Tarar បានអះអាង កាលពីថ្ងៃទី ២៩ ខែមេសាថា ឥណ្ឌា កំពុងរៀបចំផែនការវាយប្រហារលើប៉ាគីស្ថានក្នុងរយៈពេល ៣៦ ម៉ោង ខាងមុខនេះ៕

ដោយ៖ ពេជ្រ