រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានរិះគន់ការប្រកាសរបស់រុស្ស៊ីអំពីបទឈប់បាញ់រយៈពេលបីថ្ងៃក្នុងខែឧសភាខាងមុខនេះ ដែលត្រូវនឹងថ្ងៃនៃការប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះលើលទ្ធិណាស៊ី។

គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលនឹងមានរយៈពេលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ៧-៨ ឧសភា ដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី ១០-១១ ឧសភា។ ការប្រកាសនេះគឺធ្វើតាមការផ្អាកជាឯកតោភាគីដែកវាស្រដៀងគ្នាក្នុងអំឡុងពេលបុណ្យ Easter ចុងសប្តាហ៍ផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrey Sibiga បានឆ្លើយតបថា ប្រសិនបើរុស្ស៊ីពិតជាចង់បានសន្តិភាព ត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់។ ប៉ុន្តែលោកថា ទង្វើរបស់រុស្ស៊ីគឺមិនពិតនោះទេ ហើយផ្ទុយទៅវិញការប្រកាសនោះវាគ្រាន់តែជាការដង្ហែរក្បួនមួយប៉ុណ្ណោះ។
លោកបានបន្ថែមថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្របទឈប់បាញ់យូរអង្វែង និងពេញលេញ ហើយនេះគឺជាអ្វីដែលយើងបាន និងកំពុងស្នើសុំឥតឈប់ឈរ ហើយបើហោចណាស់ក៏ឈប់បាញ់រយៈពេក ៣០ ថ្ងៃដែរ។
យោធារុស្ស៊ីពីមុនបានកត់សម្គាល់ថា ការផ្អាករយៈពេល ៣០ ថ្ងៃលើការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានស្នើទៅលោកពូទីនកន្លងមកនេះគឺ ទីក្រុងគៀវមិនបានគោរពនោះទេ បើទោះបីជាមានការអះអាងជាសាធារណៈនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះក៏ដោយ។
រុស្ស៊ីបានលើកទ្បើងថា បទឈប់បាញ់នាថ្ងៃបុណ្យ Easter ដែលត្រូវបានប្រកាសដោយទីក្រុងមូស្គូ គឺបានជោគជ័យតែផ្នែកខ្លះប៉ុណ្ណោះ ព្រោះតែភាគីអ៊ុយក្រែនមិនបានគោរពទាល់តែសោះ។
លោក Vladimir Zelensky របស់អ៊ុយក្រែនបានអះអាងថា ការបរាជ័យរបស់រុស្ស៊ីក្នុងការបំពេញតាមតម្រូវការសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃបង្ហាញថាខ្លួនមិនចង់បានសន្តិភាព។ ប៉ុន្តែលោកពូទីនបានចង្អុលបង្ហាញថាទីក្រុងគៀវអាចប្រើការផ្អាកបែបនេះសម្រាប់ការរៀបចំកម្លាំងយោធាឡើងវិញ និងការពង្រឹងទ័ពច្រើនជាងការចូលរួមក្នុងការចរចា។
កាលពីព្រឹកថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា កិច្ចចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បច្ចុប្បន្ននៅតែមិនអាចទៅរួច ដោយសារតែការហាមឃាត់ផ្លូវច្បាប់លើការចូលរួមបែបនេះ ដែលច្បាប់ហាមឃាត់នោះចេញដោយ Zelensky ក្នុងឆ្នាំ ២០២២៕

ដោយ៖ ពេជ្រ