ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសោកស្តាយ ដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei និងលោកប្រធានាធិបតី Masoud Pezeshkian ជុំវិញឧបទ្ទវហេតុផ្ទុះនៅកំពង់ផែ Shahid Rajaee ។

តាមរយៈសាររំលែកទុក្ខ លោក ពូទីន បានចូលរួមសោកស្ដាយដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញដ៏ធំដែលបង្កឡើងដោយការផ្ទុះនៅកំពង់ផែ Shahid Rajaee។ លោក សម្តែងការអាណិតអាសូរ និងការគាំទ្រដ៏ស្មោះស្ម័គ្រចំពោះក្រុមគ្រួសារ និងមិត្តភ័ក្តិនៃជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ។
ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយលុបបំបាត់សកម្មភាពបង្កហេតុ ក្រោយសោកនាដកម្មនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី ២៦ ខែមេសា មានការផ្ទុះដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងកំពង់ផែ Shahid Rajaee ដែលមានទីតាំងនៅទីក្រុង Bandar Abbas លើឈូងសមុទ្រពែក្ស។ យោងតាមទិន្នន័យចុងក្រោយ មនុស្ស ២៥ នាក់ បានស្លាប់ និងជិត ១,៤០០ នាក់រងរបួស។ មូលហេតុនៃការផ្ទុះនេះ មិនត្រូវបានប្រកាសជាផ្លូវការទេ៕

ដោយ៖ ពេជ្រ