ករណីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានការ​ថយចុះសម្រាប់រយៈពេល ៤ ខែ ដើមឆ្នាំ២០២៥

យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS— Cambodia Mine/ERW Victim Information System) ត្រូវបានបងើ្កតឡើងដើម្បីប្រមូលបញ្ចូល និងរក្សាទុកទិន្នន័យគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលអនុវត្តដោយមន្រ្តី បុគ្គលិក CMVIS ក្នុងនាយកដ្ឋានផែនការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

មន្ត្រី បុគ្គលិក CMVIS តែងចុះប្រមូលទិន្នន័យជនរងគ្រោះនៅពេលមានគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមកើតឡើង និងផ្តល់សារអប់រំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់មានហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងរាយការណ៍ពីគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋានទៅប្រតិបត្តិករសកម្មភាពមីនយកទៅកំទេចចោល។

ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២៥ មន្រ្តី CMVIS បានចុះប្រមូល និងកត់ត្រាយកព័ត៌មាននៅទីកន្លែងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ១១លើក និងមានប្រជាពលរដ្ឋចំនួន ១៦នាក់ បានរងរបួស ពិការ និងស្លាប់។ តួលេខនេះបានថយចុះ ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។

ទិន្នន័យគ្រោះថ្នាក់ទាំងនោះត្រូវបានដាក់បញ្ចូល និងរក្សាទុកក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីវិភាគ បកស្រាយស្ថានភាពគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយត្រូវបានចែកចាយទៅស្ថាប័នពាក់ព័ន្ធ និងវិស័យសកម្មភាពមីន និងប្រតិបត្តិករជួយជនរងគ្រោះ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការរបស់ពួកគេ៕

Written by 

Related posts

Leave a Comment