គ្រូបង្គោលបឹងកេត និយាយអំពីការប្រកួតទល់នឹងស្វាយរៀងក្នុងពានសម្តេច​តេជោ ល្ងាចនេះ

គ្រូបង្គោលក្រុមបឹងកេត លោក Conor Nestor រំពឹងថាការប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល២០២៤/២៥ នឹងមានភាពខុសប្លែក បើទោះទើបចាញ់ ក្រុមរបស់លោក Pep Munoz ដោយលទ្ធផល ១-០ កាលសប្ដាហ៍មុននៅពានលីគកំពូលក្ដី។ ការប្រកួតរវាងក្រុមទាំងពីរធ្វើឡើងនៅថ្ងៃទី ២៣ ខែមេសា ចាប់ពីម៉ោង ៧យប់តទៅនៅទីលានពហុកីឡដ្ឋានជាតិ។

លោក Conor Nestor បាននិយាយថា«ខ្ញុំរំពឹងថាការប្រកួតនឹងខុសប្លែកគ្នា ព្រោះពានរង្វាន់ សម្ដេចតេជោ តែងតែនាំមកនូវភាពខុសគ្នានៃបរិយាកាស»។ គ្រូបង្គោលសញ្ជាតិអៀរឡើងបញ្ជាក់បន្ថែមបែបនេះ។

ក្រុមជើងឯកពាន សម្ដេចតេជោ ឆ្នាំ២០១៩ ឡើងមកដល់វគ្គ ៤ក្រុម បន្ទាប់ពីទម្លាក់ក្រុម អាយ អេស អាយ ដង្កោ សែនជ័យ។ គ្រូបង្វឹកដដែលបន្តថា៖«យើងសប្បាយរីករាយពេលមកដល់វគ្គ ៤ក្រុម។ វាមិនងាយស្រួលនោះទេ ព្រោះក្រុមល្អៗជាច្រើនបានធ្លាក់ចេញពីការប្រកួតរួចទៅហើយ»។

មុននឹងជួបអតីតក្រុមចាស់របស់ខ្លួន លោក Conor បានយល់ឃើញអំពីគូប្រជែងបែបនេះ៖«យើងមានការគោរពធំធេងដល់ស្វាយរៀងចំពោះអ្វីដែលពួកគេបានធ្វើកាលពីរដូវកាលមុន និងអ្វីដែលពួកគេកំពុងធ្វើបានល្អនៅរដូវកាលនេះ។ ជាការពិតណាស់ ពួកគេមានកីឡាករកំពូលៗជាច្រើនរួមទាំងគុណភាពទៀតផងនៅលើទីលាន។ ដូច្នេះ [យើង] ត្រូវតែស្វែងរកកម្រិតខ្ពស់បំផុតរបស់ពួកយើង»។

ទន្ទឹមគ្នានោះគ្រូបង្គោលដែលកាន់សញ្ញាបត្របង្វឹកបាល់ទាត់ UEFA A License បានបង្ហើបអំពីកីឡាកររបួស និងខកខានដូចជា ថា ច័ន្ទរិទ្ធី និង ចាន់ វឌ្ឍនាកា (របួស) ។ ចំណែក Bento មានបញ្ហាសាច់ដុំ ហើយ Ryohei របួសសរសៃពួរ ដែលសុទ្ធតែខកខានជួយក្រុមនៅជើងទី១ដូចគ្នា។

បុរសវ័យ៤០ឆ្នាំទទូចឱ្យអ្នកគាំទ្រមកជួយលើកទឹកចិត្ត និងអបអរដល់ក្រុម ហើយបឹងកេតនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យមានការប្រកួតប្រជែងខ្លាំងក្លា៕

Written by 

Related posts

Leave a Comment