ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដល់សញ្ញាភ្លើងខៀវក្នុងការបើកចំហចំពោះកិច្ចចរចាទ្វេភាគីជាមួយមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ជាលើកដំបូងចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីថ្ងៃចន្ទ លោក ពូទីន បាននិយាយថា រុស្ស៊ី តែងតែមើលទៅលើភាពវិជ្ជមាននៃគំនិតផ្តួចផ្តើមសន្តិភាពណាមួយ។ យើងសង្ឃឹមថាអ្នកតំណាងនៃរបបក្រុងគៀវ នឹងមានបំណងដូចគ្នា។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក ពូទីននេះ បង្ហាញពីឆន្ទៈក្នុងការចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែន អំពីការមិនវាយប្រហារលើគោលដៅជនស៊ីវិលទៀតទេ។
ទោះជាយ៉ាងណា លោក ហ្សេលេនស្គី មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងការអត្ថាធិប្បាយរបស់លោកពូទីនទេ ប៉ុន្តែបាននិយាយថា អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាណាមួយដែលនឹងធានាសុវត្ថិភាពដល់ជនស៊ីវិល៕

ដោយ៖ ពេជ្រ