ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ថ្ងៃបុណ្យ Easter ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា រុស្ស៊ីបានបន្តវាយប្រហារប្រទេសរបស់លោកដោយមិនឈប់នោះទ្បើយ។

លោកពូទីនបានប្រកាសបទឈប់បាញ់រយៈពេល ៣០ ម៉ោងចាប់ពីម៉ោង ៦ ល្ងាច នៅថ្ងៃសៅរ៍ ម៉ោងនៅទីក្រុងមូស្គូ រហូតដល់ចុងថ្ងៃអាទិត្យ។ លោកថា លោកបានបញ្ជាឲ្យទាហានរុស្ស៊ីបញ្ឈប់រាល់អរិភាព។
ប៉ុន្តែលោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា យោធារុស្ស៊ីកំពុងព្យាយាមបង្កើតចំណាប់អារម្មណ៍ទូទៅនៃបទឈប់បាញ់។ លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីនៅតែបន្តការប៉ុនប៉ងឯកោនៅក្នុងតំបន់មួយចំនួន ដើម្បីឈានទៅមុខ និងធ្វើឱ្យមានការខាតបង់លើអ៊ុយក្រែន។
លោកបានបន្ថែមថា មានករណីបាញ់ផ្លោង និងការវាយប្រហារនៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk និងកន្លែងផ្សេងទៀត។ លោកZelenskyy បានជំរុញឱ្យទីក្រុងម៉ូស្គូទទួលយកសំណើរបស់អ៊ុយក្រែនដើម្បីបន្តបទឈប់បាញ់រយៈពេល ៣០ ថ្ងៃបន្ទាប់ពីបុណ្យ Easter ។
ប្រជាជនអ៊ុយក្រែនបានទៅទស្សនាវត្តមួយនៅកណ្តាលទីក្រុង Kyiv ដើម្បីប្រារព្ធពិធីបុណ្យ Easter ។ ពួកគេបានយកកន្ត្រកពងដែលតុបតែងជាលំនាំ និងបង្អែមប្រពៃណីទៅថ្វាយព្រះពរពីអាចារ្យ។
បុរសអាយុ ៣៤ ឆ្នាំម្នាក់បាននិយាយថា គាត់គិតថាការប្រកាសបទឈប់បាញ់របស់លោកពូទីនគ្រាន់តែជាកាយវិការនយោបាយសម្រាប់ប្រជាជនរុស្ស៊ីប៉ុណ្ណោះ។
ស្ត្រីអាយុ ៣៨ ឆ្នាំម្នាក់ទៀតក៏បាននិយាយដែរថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់នៅជិតផ្ទះរបស់គាត់នៅថ្ងៃដែលបទឈប់បាញ់ត្រូវបានប្រកាស។ នាងមានមន្ទិលចំពោះបទឈប់បាញ់ ដោយនិយាយថា រុស្ស៊ីចង់ប្រើវាសម្រាប់ចរចា។
ចំណែកបុរសអាយុ ៣៨ ឆ្នាំម្នាក់ផ្សេងទៀតបានហៅប្រទេសរុស្ស៊ីថាជា“រដ្ឋភេរវករ”ហើយបាននិយាយថាគាត់មិនទុកចិត្តប្រទេសនេះទេ។ លោកបានបន្ថែមថា ប្រជាជនអ៊ុយក្រែនគ្រាន់តែចង់រស់នៅសម្រាប់អនាគត ហើយចង់មើលឃើញថាកូនរបស់ពួកគេនឹងរីកចម្រើនយ៉ាងណា៕

ដោយ៖ ពេជ្រ