អាជ្ញាធរម៉ាឡេស៊ី បន្តជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ខណទឹកជំនន់ភ្លាមៗវិវត្តន៍កាន់តែធ្ងន់ធ្ងរ

រដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹង ថ្ងៃសុក្រនេះថា មនុស្ស ៣ នាក់ស្លាប់ និងជាង ៨០,០០០ នាក់ បង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ដោយសារទឹកជំនន់នៅទូទាំងប្រទេស ខណក្រុមមន្ត្រី ព្រមានថារដូវមូសុងអាចនាំមកនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ។

 ទឹកជំនន់គឺជារឿងធម្មតានៅលើឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបម៉ាឡេស៊ី ក្នុងអំឡុងរដូវមូសុងរវាងខែតុលា និងខែមីនា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន ដែលភាគច្រើននៅក្នុងរដ្ឋ Kelantan ភាគឦសានជាប់ព្រំដែនប្រទេសថៃ។

ទន្ទឹមនោះ គេហទំព័ររបស់មជ្ឈមណ្ឌលបញ្ជាការគ្រោះមហន្តរាយជាតិ បានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស ៣ នាក់ស្លាប់ ហើយមនុស្ស ៨០,៥៨៩ នាក់ បន្តជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ៤៦៧ នៅក្នុងរដ្ឋចំនួន ៧ ដោយរដ្ឋ Kelantan និងរដ្ឋ Terengganu ដែលនៅជិតខាងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។ 

បើតាមរបាយការណ៍ រដ្ឋាភិបាល បានដាក់ពង្រាយបុគ្គលិកសន្តិសុខជាង ៨២,០០០ នាក់ ក៏ដូចជាទូកជួយសង្គ្រោះ រថយន្តកង់បួន និងឧទ្ធម្ភាគចក្រផងដែរ ។

គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាខេត្តនៃប្រទេសម៉ាឡេស៊ី ខណមនុស្សរាប់ម៉ឺននាក់បង្ខំចិត្តភៀសខ្លួនពីលំនៅដ្ឋាន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment