រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀន និងបង្រៀនភាសាបារាំង និងកិច្ចការពាក់ព័ន្ធនានា”។

កិច្ចប្រជុំនេះ បានពិភាក្សាលើវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនានា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ដោយផ្តោតសំខាន់លើការរៀន និងបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សារួមមាន៖ ថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាបារាំងទី១-ទី២ និងកម្រិតឧត្តមសិក្សា ព្រមទាំងការរៀន និងបង្រៀនភាសាបារាំងតាមបណ្តាគ្រឹះស្ថានបណ្ដុះបណ្តាលគ្រូ ដោយសហការយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងយន្តការលើកកម្ពស់ភាសាបារាំង ព្រមទាំងលើកទិសដៅអនុវត្តជាបន្តផងដែរ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ លើផែនការសកម្មភាព និងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ ត្រៀមខ្លួនចូលរួមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ នាពេលខាងមុខនេះ៕


