រដ្ឋមន្ត្រីការបរទេស លោក Yvan Gil Pinto បាននិយាយថា ប្រទេសវេណេស៊ុយអេឡា មានការដឹងគុណចំពោះប្រទេសរុស្ស៊ី សម្រាប់សាមគ្គីភាព និងការគាំទ្រក្នុងការការពារសិទ្ធិសន្តិភាព និងអធិបតេយ្យភាព។

លោក Gil បានលើកឡើងថា ជំនួសមុខឱ្យលោកប្រធានាធិបតី Nicolas Maduro យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ចំពោះសេចក្តីថ្លែងការណ៍ដែលអំពាវនាវឱ្យបញ្ចប់ការវាយប្រហារនៅតំបន់ការ៉ាប៊ីន ដែលផ្ទុយនឹងបទដ្ឋានសីលធម៌ជាមូលដ្ឋាន និងច្បាប់អន្តរជាតិ។ យើងមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងសាមគ្គីភាពដែលបានបង្ហាញដល់ប្រជាជនវេណេស៊ុយអេឡា ក៏ដូចជាក្នុងការការពារសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់យើងចំពោះសន្តិភាព និងអធិបតេយ្យភាព។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅអាមេរិកឡាទីន ជាការបង្កហេតុ ដោយបន្ថែមថា រុស្ស៊ី គាំទ្រប្រទេសវេណេស៊ុយអេឡា និងជំរុញឱ្យប្រទេសនេះចៀសវាងការបង្កើនជម្លោះ។
លោកស្រី Zakharova បានបន្ថែមថា ជាការពិតណាស់ យើងគាំទ្រការអភិវឌ្ឍប្រកបដោយស្ថិរភាព និងឯករាជ្យនៃតំបន់ ដំណោះស្រាយនៃភាពខុសគ្នាទាំងអស់តាមរបៀបសន្តិភាព និងស៊ីវិល័យ។ យើងបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់យើងចំពោះថ្នាក់ដឹកនាំវេណេស៊ុយអេឡាក្នុងការការពារអធិបតេយ្យភាពជាតិ។
គួរបញ្ជាក់ថា វេណេស៊ុយអេឡា កំពុងមានភាពតានតឹងជាមួយអាមេរិក ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដែលកន្លងមកក្រុងវ៉ាស៊ីនតោន បានវាយប្រហារទូក ៨ គ្រឿង ដែលអះអាងថាចេញមកពីទឹកដីក្រុងការ៉ាកាស៕

ដោយ៖ ពេជ្រ
