ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង ២-០ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា«យើងមានឳកាសមួយចំនួន ប្រសិនបើយើងរកគ្រាប់បាល់បានស្ថានភាពវាអាចនឹងមានភាពប្រែប្រួលខុសពីនេះ។ យើងបានរបូតគ្រាប់បាល់ ២ គ្រាប់ដោយសារតែភាពធ្វេសប្រហែល ដូច្នេះយើងត្រូវផ្តោតអារម្មណ៍ច្រើនជាងនេះ។
លោកបានបន្តថា នៅវគ្គទី ២ យើងព្យាយាមក្នុងការរកគ្រាប់បាល់តាមស្មើ ប៉ុន្តែយើងបានរបូតគ្រាប់បាល់ទី ២ ទៅវិញដោយសារតែការវាយបករបស់គេ។ពេលខ្លះនៅក្នុងបាល់ទាត់ យើងអាចរកគ្រាប់បាល់បាន ពេលខ្លះអ្នកចាំទីបំពេញតួនាទីដ៏អស្ចារ្យ ហើយនេះគឺជាមូលហេតុដែលនាំឲ្យដារ៉ាក្លាយជាកីឡាករល្អប្រចាំការប្រកួត និងយើងមិនអាចទទួលបានពិន្ទុក្នុងការប្រកួត៕»
លទ្ធផលនេះបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ដោយ២៥ប្រកួត ឈ្នះ២១ ស្មើ១ និងចាញ់៣ មាន៦៤ពិន្ទុ ខណ:ភ្នំពេញក្រោន ២៥ប្រកួត ឈ្នះ១៩ ស្មើ៣ និងចាញ់ ៣ មាន ៦០ពិន្ទុ៕
