​អ្នក​ស្លាប់​កើនឡើង ១៦ នាក់ ក្នុងការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ លើ​ភូមិ​កំណើត​របស់ Zelensky 

អភិបាលនៃរដ្ឋបាលតំបន់ Dnipropetrovsk បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើទីក្រុង Kryvyi Rih ភាគកណ្តាលរបស់អ៊ុយក្រែនបានកើនឡើងដល់ ១៦ នាក់ហើយ។

លោក Serhiy Lysak បានបញ្ជាក់នៅលើ Telegram ថា បច្ចុប្បន្នមានជនរងគ្រោះជាង ៤០ នាក់នៃការវាយប្រហាររបស់សត្រូវនៅ Kryvyi Rih។

 ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ ដោយថ្លែងថា កាំជ្រួចរុស្ស៊ីបានវាយប្រហារលើទីក្រុងដោយនៅលើផ្លូវមួយ ហើយទីនោះជាតំបន់លំនៅដ្ឋាន។ ព័ត៌មានបឋមបានឲ្យដឹងថា វាគឺជាការវាយប្រហារដោយមីស៊ីលផ្លោង។

លោកប្រធានាធិបតីបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ហើយយ៉ាងហោចណាស់អគារចំនួនប្រាំបានរងការខូចខាត។ លោកបានបន្ថែមថា មានការវាយប្រហាររបស់រុស្សីជារៀងរាល់ថ្ងៃ។ ការស្លាប់និងរបួសក៏មានជាប្រចាំថ្ងៃដែរ។ មានហេតុផលតែមួយគត់ដែលរុស្ស៊ីបន្តការវាយប្រហារលើអ៊ុយក្រែន នោះគឺរុស្ស៊ីមិនចង់បានបទឈប់បាញ់ ហើយបទឈប់បាញ់នោះស្ថិតក្រោមលក្ខខណ្ឌរបស់រុស្ស៊ី ហើយពិភពលោកទាំងមូលក៏បានមើលឃើញដូចគ្នា។

មេដឹកនាំអ៊ុយក្រែនក៏បានអំពាវនាវឱ្យបង្កើនសម្ពាធលើទីក្រុងមូស្គូដោយនិយាយថា រាល់មីស៊ីល រាល់យន្តហោះគ្មានមនុស្សបើកទាំងអស់បង្ហាញឱ្យឃើញថារុស្ស៊ីនៅតែចង់បានសង្គ្រាម។ លោកថាសន្តិភាពគឺពឹងផ្អែកទាំងស្រុងលើសម្ពាធរបស់ពិភពលោកមកលើរុស្ស៊ី លើការគាំទ្រដល់អ៊ុយក្រែន-ចំពោះការការពារដែនអាកាស និងកងកម្លាំងរបស់យើង។

មុននេះ លោក Oleksandr Vilkul ប្រធានក្រុមប្រឹក្សាការពារជាតិក្នុងតំបន់ Kryvyi Rih បាននិយាយថា មនុស្ស ១២ នាក់បានស្លាប់ និងជាង ៥០ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។

លោក Yevhen Sytnychenko ប្រធានរដ្ឋបាលរដ្ឋនៃស្រុក Kryvyi Rih បាននិយាយថា ចំនួនអ្នករងរបួសកំពុងត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។ យ៉ាងណាគេមិនទាន់មានការឆ្លើយតបភ្លាមៗពីអាជ្ញាធររុស្ស៊ីទាក់ទងនឹងការអះអាងនេះនៅទ្បើយទេ។

តំបន់ Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរងការវាយប្រហារម្តងហើយម្តងទៀត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment