ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពអឺរ៉ុប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការគោលផ្នែកអប់រំបច្ចេកទេស សម្រាប់ឆ្នាំ២០២៥-២០៣០» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងនាយកដ្ឋាននិងភាគីពាក់ព័ន្ធរួមមាន នាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន តំណាងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមហ៊ុន SALA TECH DIGITAL និងតំណាងដៃគូអភិវឌ្ឍន៍ ជំនួយការអ្នកជំនាញការសហភាពអឺរ៉ុប នៃគម្រោងសម្ព័ន្ធមេត្រីភាពបរិវត្តកម្មការអប់រំបច្ចេកទេស ទីប្រឹក្សាជនជាតិអេស៊ីប ផ្នែកកម្មវិធីសុខដុមនីយកម្មការអប់រំបច្ចេកទេស នៃគម្រោង CAM STEP UP តំណាងវិស័យឯកជន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំង២១ ដែលមានសមាសភាពសរុប ៥០នាក់ ស្រី ០៨ នាក់។

អង្គសិក្ខាសាលានេះ មានគោលបំណង 1)- បង្ហាញពីនិន្នាការនៃការអប់រំបច្ចេកទេស ក្នុងបរិបទសកល អាស៊ាន និងកម្ពុជា ដល់គណៈគ្រប់គ្រងសាលានិងអ្នកចូលរួម 2)- ការពិនិត្យភាពត្រឹមត្រូវនៃផែនការគោលផ្នែកអប់រំបច្ចេកទេស ឆ្នាំ២០១៥-២០១៩ និងការសិក្សាស្វែងរកចំណុចខ្លាំង និងចំណុចខ្វះខាត នៅតាមបណ្តាគ្រឹះស្ថានសិក្សានីមួយៗ និងពិភាក្សារកដំណោះស្រាយ និងបទអន្តរាគមន៍ល្អៗ ដើម្បីកែលម្អការអនុវត្ត ការចែករំលែកចំណេះដឹង បទពិសោធ និងមេរៀនពិសោធន៍ តាមរយៈការបង្ហាញលទ្ធផលវិភាគ SWOT លើការងារផ្នែកអប់រំបច្ចេកទេស និង 3) ប្រមូលធាតុចូលសំខាន់ៗ ចំណុចអាទិភាព ឧត្តមានុវត្តន៍ និងចំណុចដែលត្រូវកែលម្អ ដើម្បីរៀបចំយុទ្ធសាស្ត្រ យុទ្ធសាស្ត្ររងថ្មីបំពេញបន្ថែម សម្រាប់រៀបចំផែនការគោលផ្នែកអប់រំបច្ចេកទេស ២០២៥-២០៣០។
នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់សាលា និងអ្នកពាក់ព័ន្ធ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកពង្រឹងការដឹកនាំនិងគ្រប់គ្រងការងារផ្នែកអប់រំបច្ចេកទេស តាមរយៈការរិះរកយុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការការកែលម្អការអនុវត្តរបស់សាលារៀន សំដៅផ្តល់សេវាល្អដល់សិស្ស ដើម្បីរួមចំណែកអភិវឌ្ឍផ្នែកចំណេះទូទៅនិងបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពធនធានផលិត មូលធនមនុស្សនៅកម្ពុជា៕



