ប្រទេសបារាំងបានបង្ហាញជំហរមិនសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu នោះទេ ដោយលើកឡើងពីអភ័យឯកសិទ្ធិរបស់អ៊ីស្រាអែលថាជារដ្ឋមិនមែនសមាជិករបស់តុលាការ ICC។
ក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធកន្លងទៅទាក់ទងនឹងដីកាចាប់ខ្លួនរបស់ ICC សម្រាប់លោក Netanyahu និងអតីតប្រមុខការពារជាតិលោក Yoav Gallant និងជាប្រមុខយោធានៃក្រុមហាម៉ាស។
តុលាការ ICC បានចេញដីកាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយចោទប្រកាន់មន្ត្រីអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។ តាមដីកានោះ លោក Netanyahu និងលោកGallant អាចត្រូវបានចាប់ខ្លួន ប្រសិនបើពួកគេទៅទស្សនាប្រទេស និងដែនដីចំនួន ១២៤ ដែលជាភាគីរបស់ ICC ដោយសារសមាជិកមានកាតព្វកិច្ចសហការ។ ប៉ុន្តែអ៊ីស្រាអែលមិនស្ថិតក្នុងចំណោមសមាជិកICC ទេ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសបារាំងនឹងត្រូវគិតគូរពីអភ័យឯកសិទ្ធិរបស់មន្ត្រីអ៊ីស្រាអែល ប្រសិនបើ ICC ស្នើសុំឲ្យមានការចាប់ខ្លួនពួកគេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសបារាំងមានបំណងបន្តធ្វើការក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីសម្រេចបាននូវសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នានៅមជ្ឈិមបូព៌ា។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបាននិយាយថា ការសម្រេចចិត្តរបស់ ICC ក្នុងការចេញដីកាចាប់ខ្លួនគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទ្បើយ។ ទន្ទឹមនោះអ៊ីស្រាអែលក៏បានដាក់សេចក្តីប្រកាសតវ៉ាទៅកាន់ ICC ទាក់ទងនឹងចេតនារបស់ខ្លួនក្នុងការប្តឹងឧទ្ធរណ៍ទៅតុលាការ និងការទាមទារឱ្យពន្យារពេលការអនុវត្តដីកាចាប់ខ្លួនរបស់ ICC ៕
ដោយ៖ ពេជ្រ