នាយករដ្ឋមន្ត្រី លោក Sir Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស នឹងមិនលូកដៃចូលក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជុំវិញផែនការរបស់លោក Donald Trump ក្នុងការដាក់ពន្ធនាំចូល ២៥ ភាគរយ លើរថយន្តដែលចូលនោះទេ។

លោក Starmer បានបន្ថែមថា រដ្ឋាភិបាលយើង កំពុងព្យាយាមគេចចេញពីពន្ធ ដែលគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ២ ខែមេសា តាមរយៈការចរចារជាមួយសមភាគីអាមេរិក។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីរូបនេះ ចំពេលមានការព្រួយបារម្ភថា ពន្ធអាចប៉ះពាល់ដល់ពាណិជ្ជកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ដោយក្រុមហ៊ុននាំចេញដ៏ធំបំផុតដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសទៅកាន់សហរដ្ឋអាមេរិកគឺ Jaguar Land Rover (JLR) កំពុងស្ថិតក្នុងបញ្ចីដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ទោះជាយ៉ាងណា លោក Trump អះអាងថា វិធានការនេះនឹងនាំឱ្យមានកំណើនយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មរថយន្ត ដោយសន្យាថា វានឹងជំរុញការងារ និងការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ពន្ធបន្តបន្ទាប់របស់លោក Trump កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ជ្រួលច្របល់ ដែលមានអ្នកខ្លះគាំទ្រ និងខ្លះមិនពេញចិត្ត នោះទេ ៕

ដោយ៖ ពេជ្រ