ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញការសាទរយ៉ាងពេញទំហឹងចំពោះការជាប់ឆ្នោតរបស់អ្នកស្រី Kirsty Coventry ជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទី១០ និងជាស្ត្រីទី១ លើលោកដែលបានកាន់តំណែងដ៏ធំមួយនេះ។

អតីតម្ចាស់មេដាយមាសអូឡាំពិកកីឡាហែលទឹករបស់ហ្ស៊ីមបាវ៉េខាងលើ ទទួលបានសម្លេង ៤៩ លើ៩៧ ក្នុងការបោះឆ្នោតពីសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងមហាសន្និបាតលើកទី១៤៤ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិច។ដោយឡែក មហាសន្និបាតក៏បានគាំទ្រលោក Thomas Bach ជាប្រធានកិត្តិយសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា “៖ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមអបអរសាទរយ៉ាងកក់ក្ដៅ និងចូលរួមទំនាក់ទំនងសហការ ការងារបន្តទៀតជាមួយលោកស្រីឱ្យបានល្អ។ សង្ឃឹមថាគាត់ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក ឆ្នាំ២០០៤ គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ និងរីកចម្រើនថ្មី នៃចលនាអូឡាំពិក បន្ទាប់ពីផ្លាស់ប្ដូរតំណែងពីបុរស មកជាស្ត្រី។”
ឯកឧត្តម បានបន្ថែមទៀតថា “៖ នេះជាអ្វីដែលយើងសង្ឃឹម និងជឿជាក់ថា ចលនាអូឡាំពិកដែលកាន់តំណែងជាស្ត្រីនេះ នឹងបង្កើតនូវប្រសិទ្ធភាពការងាររបស់សមភាពស្ត្រីនៅក្នុងចលនាកីឡាបន្ថែមទៀត។”
គួររំលឹកថា អ្នកស្រី Kirsty Coventry វ័យ ៤១ឆ្នាំ ក៏ធ្លាប់ជាអត្តពលិកដ៏ឆ្នើមប្រចាំប្រទេសហ្ស៊ីមបាវ៉េ និងស្ថិតក្នុងចំណោមអត្តពលិកឆ្នើម នៅទ្វីបអាហ្វ្រិក។ បច្ចុប្បន្នអ្នកស្រីក៏ជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។
