អាជ្ញាធរប្រឆាំងចារកម្មរបស់ប្រទេសចិននិយាយថាខ្លួនបានកំណត់អត្តសញ្ញាណសមាជិក ៤នាក់នៃកម្លាំងសង្គ្រាមអ៊ីនធឺណិតរបស់តៃវ៉ាន់ជាក្រុមភេរវកម្ម ខណដែលកម្លាំងនោះមានទំនាក់ទំនងស្អិតរមួតជាមួយគណបក្សប្រជាធិបតេយ្យរីកចម្រើនដែលកំពុងកាន់អំណាចនៅតៃវ៉ាន់។

ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនបានចេញផ្សាយរូបថត ឈ្មោះ និងព័ត៌មានផ្សេងទៀតអំពីបុគ្គលទាំងបួននាក់កាលពីថ្ងៃចន្ទម្សិលមិញ។
ទីក្រុងប៉េកាំងបានចោទប្រកាន់កងកម្លាំងតៃវ៉ាន់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត និងចូលរួមក្នុងសកម្មភាព “គាំទ្រឯករាជ្យ” តាមការណែនាំរបស់អាជ្ញាធរដឹកនាំដោយ គណបក្សកាន់អំណាចDPP ។
ក្រសួងការពារជាតិតៃវ៉ាន់បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោទប្រកាន់របស់អាជ្ញាធរចិន ហើយបានប្រកាសច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ចិនបានប្រារព្ធខួប២០ឆ្នាំចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ច្បាប់ប្រឆាំងការបះបោរ ដែលបង្ហាញអំពីការប្រើកម្លាំងយោធាប្រឆាំងនឹងកោះតៃវ៉ាន់។ សមាជិកនៃថ្នាក់ដឹកនាំរបស់ប្រធានាធិបតី Xi Jinping បាននិយាយនៅក្នុងព្រឹត្តិការណ៍រំលឹកខួបមួយថា ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការញុះញង់ដោយ អ្នកបះបោរតៃវ៉ាន់។ ទីក្រុងប៉េកាំងក៏បានចាត់ទុក DPP ថាជាគណបក្សគាំទ្រឯករាជ្យផងដែរ។
ចិនតែងតែធ្វើសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ខណក្រុមអ្នកសង្កេតការណ៍ជឿថា ទីក្រុងប៉េកាំងបាននិងកំពុងធ្វើដូច្នេះ ដើម្បីព្យាយាមបង្កើនសម្ពាធលើអាជ្ញាធរតៃវ៉ាន់។
កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា យន្តហោះចម្បាំង និងនាវារបស់ចិនបានរួមគ្នាធ្វើការល្បាតត្រៀមប្រយុទ្ធជុំវិញកោះតៃវ៉ាន់ ខណកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានពណ៌នាប្រទេសចិនថាជា “កម្លាំងខាងក្រៅដ៏មានអរិភាព”។ លោក Lai បានប្តេជ្ញាពង្រឹងវិធានការប្រឆាំងចារកម្មប្រឆាំងនឹងទីក្រុងប៉េកាំង៕

ដោយ៖ ពេជ្រ