ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងថា ប្រទេសរបស់លោកមានឆន្ទៈបន្តកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងបទឈប់បាញ់ដើម្បីរក្សាវាឲ្យមានភាពពិតប្រាកដ។

លោក Zelenskyy បានថ្លែងបែបនេះនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ ហើយលោកក៏បានបញ្ជាក់ដែរថា លោកបានជួបជាមួយប្រធានការិយាល័យប្រធានាធិបតី Andriy Yermak និងរដ្ឋមន្ត្រីការបរទេស Andrii Sybiha ពិភាក្សាលើបញ្ហានេះក្រោយពេលដែលមន្ត្រីសំខាន់ៗទាំងពីរបានបញ្ចប់សន្និសីទជាន់ខ្ពស់ជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
ដោយនិយាយសំដៅលើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក លោក Zelenskyy បានសរសេរលើ X ថា “អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់តាមផ្លូវអាកាស និងផ្លូវសមុទ្រ ប៉ុន្តែសហរដ្ឋអាមេរិកបានស្នើឱ្យពង្រីកវាដល់ដីថែមទៀត ហើយអ៊ុយក្រែនស្វាគមន៍ចំពោះសំណើនេះ”។
លោកថា ការគ្រប់គ្រងបទឈប់បាញ់បែបនេះនៅតែជាបញ្ហាសំខាន់ ហើយយើងសូមកោតសរសើរចំពោះឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការរៀបចំផ្នែកបច្ចេកទេសនៃការគ្រប់គ្រងបែបនេះ។
លោក Zelenskyy ក៏បានរិះគន់រុស្ស៊ីផងដែរដោយនិយាយថាទីក្រុងម៉ូស្គូ “ស្វែងរកការអូសបន្លាយសង្រ្គាម និងពន្យារពេលសន្តិភាពឱ្យបានយូរតាមដែលអាចធ្វើទៅបាន” ។ លោកថា ពិភពលោកនៅមិនទាន់បានឮ ឬក៏មានការឆ្លើយតបដ៏មានន័យពីរុស្ស៊ីនៅឡើយទេ”៕

ដោយ៖ ពេជ្រ