ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 ជាផ្លូវការ ទោះភ្លាត់ចាញ់ម្ចាស់ផ្ទះ Shan United ២-១ ក្នុងជើងទី២ក្ដី សរុបលទ្ធផលទាំង ២ជើង ព្រះខ័នរាជស្វាយរៀង ឈ្នះ ៧-៤ ។
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីចាប់ផ្ដើមវគ្គទី១ បានប្រមាណ ៣០វិនាទី Shan United បានបើកការនាំមុខ ១គ្រាប់មុន ដោយកីឡាករ Khun Kyaw Zin Hein មុនកីឡាករ Ye Yint Aung រកបានគ្រាប់ទី២ នៅនាទី២៦ ។ ក្រោយរងសម្ពាធខ្លាំងពីក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានប្ដូរកីឡាករ ២រូប គឺ សឿយ វិសាល និង Cristian Dos Santos ចូលជំនួសមិត្តរួមក្រុមភ្លាមៗ ត្រឹមពាក់កណ្ដាលវគ្គទី១។ បន្ទាប់មកក្រុមទាំងពីរ មានឱកាសវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៥៥ ទើបព្រះខ័នរាជស្វាយរៀង វាយបកបាន ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Matheus Moresche ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
តាមរយៈលទ្ធផលខាងលើ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប៉ះ Madura United របស់ឥណ្ឌូនេស៊ី ដែលយកឈ្នះក្រុម Tainan City របស់ឆាយនីសតៃប៉ិ ១-០ ក្នុងការប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ក្នុងនាមបេក្ខភាពក្រុមតំបន់អាស៊ីខាងកើ ។ ចំណែកបេក្ខភាពក្រុមតំបន់អាស៊ីខាងលិច គឺបានរកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុម Al-Arabi មកពីគុយវ៉ែត និងក្រុម Arkadag មកពីទួមេនីស្ថាន៕
