តំណាងអង្គការរ៉ាឌីកាល់ បានប្រាប់ឲ្យដឹងថា ចលនាប៉ាឡេស្ទីនហាម៉ាស ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងនេះនៅលីបង់ ។
តំណាងដដែល បាននិយាយថា ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់មួយ និងកិច្ចព្រមព្រៀងដ៏ធ្ងន់ធ្ងរមួយលើការដោះដូរអ្នកទោស ។
អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមថា ការប្រកាសបទឈប់បាញ់នៅក្នុងប្រទេសលីបង់ គឺជាជ័យជម្នះ និងជាជោគជ័យដ៏សំខាន់សម្រាប់កងកម្លាំងតស៊ូ ។
ទន្ទឹមនោះ គណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល បានអនុម័តផែនការសម្រាប់បទឈប់បាញ់នៅលីបង់។ ភ្លាមៗនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងចលនាហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ផ្តល់ឲ្យកងកម្លាំងលីបង់ ដណ្តើមការគ្រប់គ្រងលើទឹកដីរបស់ពួកគេឡើងវិញក្នុងរយៈពេល ៦០ ថ្ងៃ ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែល នឹងដកខ្លួនចេញជាបណ្តើរៗពីទឹកដីលីបង់ ខណដែលជនស៊ីវិលមកពីភាគីទាំងសងខាងនឹងអាចត្រឡប់ទៅទីក្រុងរបស់ពួកគេវិញដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំងនៅពេលដែលនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ អ្នកគាំទ្រហាម៉ាសប្រដាប់អាវុធមកពីតំបន់ហ្គាហ្សាស្ទ្រីបបានរំលោភលើទឹកដីអ៊ីស្រាអែលដោយបានសម្លាប់អ្នករស់នៅតាមព្រំដែននិងចាប់ចំណាប់ខ្មាំងជាង ២៤០ ។ ជាការសងសឹក អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាមួយនៅក្នុងឡោមព័ទ្ធ ដើម្បីបំផ្លាញរចនាសម្ព័ន្ធយោធា នយោបាយរបស់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងទាំងអស់ បង្កអរិភាពនៅហ្កាហ្សាបន្តរហូតដល់សព្វថ្ងៃ ៕
ដោយ៖ ពេជ្រ