បទវិភាគ៖ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលបង្ហាញពីទស្សនៈគុណតម្លៃស្តីពីការតម្កល់ទុកប្រជាជនជាស្នូល

មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនដែលមួយឆ្នាំបើកម្តង ជាបង្គួចដ៏សំខាន់សម្រាប់ពិភពលោកសង្កេតមើលប្រជាធិបតេយ្យបែបចិន ។ នៅថ្ងៃទី ១១ ខែមីនា ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់សភាតំណាប្រជាជនទូទាំងប្រទេសចិន តំណាងទាំងឡាយបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តអំពីការធ្វើវិសោធនកម្ម«ច្បាប់តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសភាតំណាងប្រជាជនគ្រប់ជាន់ថ្នាក់តាមមូលដ្ឋានរបស់សាធារណរដ្ឋប្រជាមានិតចិន» ដែលបានផ្តល់ឧទាហរណ៍ថ្មីសម្រាប់សង្កេតមើលរូបមន្តប្រជាធិតេយ្យនេះ ។

សូមបញ្ជាក់ថា ច្បាប់តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបច្ចុប្បន្ន  បានអនុវត្តនៅឆ្នាំ១៩៩២ នេះគឺជាការធ្វើវិសោធនកម្មលើកទីបួន ។ តាមការផ្សាយដំណឹងជាផ្លូវការឱ្យដឹងថា សេចក្តីព្រាងវិសោធនកម្មនេះដែលដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា រួមមានមាត្រាចំនួន៣៤ លើវិស័យ៩ ផ្នែក ។ ក្នុងនោះ បានដាក់បញ្ចូល “ការអនុវត្តប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល” ក្នុងគោលការណ៍ទូទៅនៃច្បាប់នេះ ព្រមពេលជាមួយគ្នានេះ បានកំណត់យ៉ាងច្បាស់លាស់នូវតម្រូវការជាគោលការណ៍ស្តីពីតំណាងប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមហាជន ។

នៅប្រទេសចិន ប្រជាធិបតេយ្យមិនមែនយកមកតាំងលម្អទេ តែគឺជាវិធីសាស្ត្រសម្រាប់ទទួលសំណើរបស់ប្រជាជន ឆ្លើយតបនឹងក្តីបំណងរបស់ប្រជាជននិងជួយដោះស្រាយបញ្ហារបស់ប្រជាជន ។ និយាយពីឫស់គល់ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលបានបង្ហាញពីទស្សនៈគុណតម្លៃស្តីពីការតម្កល់ទុកប្រជាជនជាស្នូលក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។

សូមយកមហាសន្និបាតសភាទាំងពីរឆ្នាំនេះជាឧទាហរណ៍ ។ តំណាងប្រជាជនទូទាំងប្រទេសចិនចំនួនជិត៣ពាន់រូបនិងសមាជិកសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនចំនួនជាង២១០០រូបដែលមកពីគ្រប់ជនជាតិនិងគ្រប់មុខរបរ បានជួបជុំគ្នានៅក្រុងប៉េកាំង ហើយបាននាំមកនូវក្តីបំណងរបស់ប្រជាជនថ្មីបំផុតទៅកាន់វេទិកាពិគ្រោះប្រឹក្សាកិច្ចការនយោបាយដ៏សំខាន់បំផុត ។ ក្នុងអំឡុងពេលមហាសន្និបាត ក៏បានរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទផ្សេងៗជាច្រើនលើក ដើម្បីបកស្រាយឆម្ងល់ និងជួយដោះស្រាយបញ្ហាលំបាកជូនដល់ប្រជាជន ។

      ឧទាហរណ៍ដូចជា ក្នុងសន្និសីទសារព័ត៌មានអំពីប្រធានបទជីវភាពរស់នៅរបស់ប្រជាជន អ្នកទទួលខុសត្រូវនៃក្រសួង-ស្ថាប័នចំនួន៤របស់ប្រទេសចិន បានឆ្លើយតបយ៉ាងពេញលេញចំពោះបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ដូចជាឱកាសការងារ លំនៅដ្ឋាន សុខភាព និងសេវាកម្មថែទាំមនុស្សចាស់ជរាជាដើម ។ វិធានការមួយចំនួនដូចជាធ្វើឱ្យមនុស្សវ័យជរាទទួលសេវាកម្មថែទាំកាន់តែល្អនៅក្បែរផ្ទះ ដាក់ចេញគោលនយោបាយគាំទ្រជុំថ្មីសម្រាប់ឱ្យយុវជនដូចជានិស្សិតបញ្ចប់ការសិក្សាពីសាលាឧត្តមសិក្សាជាដើម ជំរុញឱ្យសាងសង់លំនៅដ្ឋានល្អ និងបន្តជំរុញសកម្មភាព “ឆ្នាំគ្រប់គ្រងទម្ងន់”ជាដើម ដែលបណ្តាលឱ្យមានការពិភាក្សាយ៉ាងសកម្មក្នុងបណ្តាញអ៊ីនធឺណែត ។

តើប្រជាធិបតេយ្យល្អឬមិនល្អ សំខាន់គឺនៅត្រង់ប្រសិទ្ធភាព ។ ឆ្លងតាមរយៈការធ្វើឱ្យប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលមានសុក្រឹតភាពជាបន្តបន្ទាប់ ប្រទេសចិនបានធានាឱ្យវិធានការគ្រប់ផ្នែកត្រូវបានអនុវត្តដោយទាន់ពេលវេលា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។

 គ្មានប្រជាធិបតេយ្យណាដែលមានភាពល្អបំផុតនោះទេ មានតែកាន់តែល្អប្រសើរជាងមុន ។ អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ហើយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនឱ្យបានកាន់តែល្អតាមរយៈប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ទំនាក់ទំនងដែលស្ថិតនៅជាមួយគ្នាបែបនេះ មិនត្រឹមតែបានធានាឱ្យការធ្វើទំនើបកម្មតាមបែបផែនចិនដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យប្រជាធិបតេយ្យបែបចិនមានខ្លឹមសារកាន់តែស៊ីជម្រៅ និងធ្វើឱ្យទម្រង់នៃអរិយធម៌មនុស្សជាតិកាន់តែសម្បូរបែបផងដែរ ៕

Written by 

Related posts

Leave a Comment