ការគាំទ្រជាអន្តរជាតិបានកើនឡើងកាលពីថ្ងៃសៅរ៍សម្រាប់សំណើប្រឆាំងរបស់ប្លុកអារ៉ាប់ចំពោះផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការកាន់កាប់តំបន់ Gaza និងផ្លាស់ទីលំនៅប្រជាជនប៉ាទ្បេស្ទីន ខណប្រទេសមូស្លីមបានបង្ហាញការមិនគាំទ្រសំណើផែនការលោក Trump ហើយរដ្ឋាភិបាលអឺរ៉ុបក៏ផ្តល់ការគាំទ្ររបស់ពួកគេចំពោះការសម្រេចរបស់ប្លុកអារ៉ាប់ផងដែរ។

មិនដូចផែនការលោក Trump នោះទេ ខណសំណើរបស់អារ៉ាប់មានគោលបំណងកសាង Gaza ឡើងវិញដោយមិនផ្លាស់ទីលំនៅប្រជាជន ២.៤ លាននាក់នៃទឹកដី ដែលបានស៊ូទ្រាំនឹងជម្លោះដ៏ហិនហោចជាង ១៥ ខែ មុនពេលបទឈប់បាញ់ដ៏ផុយស្រួយចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា។
អង្គការនៃកិច្ចសហប្រតិបត្តិការឥស្លាមដែលមានសមាជិកចំនួន ៥៧ ប្រទេសបានអនុម័តជាផ្លូវការនូវសំណើតបតនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បីថ្ងៃបន្ទាប់ពីសម្ព័ន្ធអារ៉ាប់បានផ្តល់សច្ចាប័ននៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងគែរ។
អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានផ្តល់ការគាំទ្ររបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ដោយសាទរថា វាជាផ្លូវជាក់ស្តែង សម្រាប់ការកសាងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាមឡើងវិញ ដោយមិនត្រូវលុបបំបាត់ប្រជាជនប៉ាឡេស្ទីននោះឡើយ។ សហគមន៍អារ៉ាប់បានជំរុញឱ្យសហគមន៍អន្តរជាតិ និងស្ថាប័នផ្តល់មូលនិធិអន្តរជាតិ និងក្នុងតំបន់ ផ្តល់ជំនួយជាចាំបាច់យ៉ាងឆាប់រហ័ស។
លោក Trump បានបង្កការខឹងសម្បារជាសកល នៅពេលដែលលោកស្នើឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ Gaza ហើយប្រែក្លាយវាទៅជា “Riviera of Middle East” ខណៈពេលដែលបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យផ្លាស់ទីលំនៅទៅកាន់ប្រទេសអេហ្ស៊ីប ឬហ្សកដានី។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានស្វាគមន៍ចំពោះការសម្រេចរបស់ OIC ហើយបាននិយាយថាឥឡូវនេះលោកសង្ឃឹមថានឹងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិកាន់តែទូលំទូលាយ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ លោក Abdelatty ក៏បាននិយាយដែរថា ជំហានបន្ទាប់គឺសម្រាប់ផែនការដើម្បីក្លាយជាផែនការអន្តរជាតិតាមរយៈការអនុម័តដោយសហភាពអឺរ៉ុប និងភាគីអន្តរជាតិដូចជាប្រទេសជប៉ុន រុស្ស៊ី ចិន និងប្រទេសដទៃទៀត។ លោកថា នេះជាអ្វីដែលយើងនឹងស្វែងរក ហើយយើងមានទំនាក់ទំនងជាមួយគ្រប់ភាគី រួមទាំងគណបក្សអាមេរិក។
រដ្ឋាភិបាលអឺរ៉ុបទាំងបួនបានស្វាគមន៍ចំពោះសំណើរបស់ផែនការសម្រាប់តំបន់ហ្គាហ្សាដើម្បីត្រលប់ទៅការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅ West Bank ទ្បើងវិញ បន្ទាប់ពីការគ្រប់គ្រងជិតពីរទសវត្សរ៍នៃក្រុមហាម៉ាស់។ ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងច្បាស់ណាស់ថា ក្រុមហាម៉ាស់ មិនត្រូវគ្រប់គ្រងតំបន់ហ្គាហ្សា ឬមិនគំរាមកំហែងអ៊ីស្រាអែលទៀតទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា យើងសូមសរសើរដល់កិច្ចខិតខំប្រឹងប្រែងដ៏ម៉ឺងម៉ាត់របស់អ្នកពាក់ព័ន្ធទាំងអស់ និងកោតសរសើរចំពោះសញ្ញាសំខាន់ៗដែលរដ្ឋអារ៉ាប់បានបញ្ជូនមក ដោយរួមគ្នាបង្កើតផែនការស្តារ និងកសាងឡើងវិញនូវតំបន់ Gazaនេះ។
ទោះជាយ៉ាងណា សំណើរបស់អេហ្ស៊ីបត្រូវបានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចាប់ផ្ដើមត្រជាក់ចិត្តរួចទៅហើយផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Tammy Bruce បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វាមិនបំពេញតាមការរំពឹងទុករបស់ទីក្រុងវ៉ាស៊ីនតោននោះទេ សម្រាប់ផែនការនៅ Gaza នេះ។ ទោះជាយ៉ាងណាក៏ដោយ បេសកជនមជ្ឈិមបូព៌ារបស់លោក Trump លោក Steve Witkoff បានផ្តល់ប្រតិកម្មវិជ្ជមានបន្ថែមទៀត ដោយបានហៅផែនការនេះថាជា ជំហានដំបូងដែលមានសេចក្តីស្មោះត្រង់ពីប្រជាជនអេហ្ស៊ីប៕

ដោយ៖ ពេជ្រ