ក្រុមអង់គ្លេសទាំង៣ក្រុមកំពុងស្ថិតនៅលើក្ដីសង្ឃឹមខ្ពស់ឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពី Liverpool, Arsenal និង Aston Villa សុទ្ធតែកត់ត្រាជ័យជម្នះនៅក្រៅផ្ទះក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេរៀងៗខ្លួន។
ក្រុម Liverpool ដែលជាក្រុមនាំមុខក្នុងក្របខ័ណ្ឌ Premier League បានដណ្តើមបានជ័យជម្នះនៅចុងម៉ោងលើក្រុម Paris St-Germain ក្នុងលទ្ធផល ១-០ក្នុងទីក្រុងប៉ារីសកាលពីយប់មិញ បើទោះបីជាក្រុមម្ចាស់ផ្ទះមានទម្រង់លេងលេចធ្លោក៏ដោយ។ វាជាលើកទីមួយហើយដែល Liverpool ជួបជាមួយ PSG ចាប់តាំងពីឆ្នាំ ២០១៨-១៩ នៅពេលដែលហង្សក្រហមបានបន្តក្លាយជាម្ចាស់ជើងឯកអឺរ៉ុបជាលើកទី៦។
ចំណែកក្រុម Aston Villa កំពុងសម្លឹងឡើងទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ ខណៈដែលក្រុមរបស់លោក Unai Emery បានយកឈ្នះ Club Brugge ៣-១ បន្ទាប់ពីជើងទី១ក្នុងប្រទេសបែលហ្សិក។ ទន្ទឹមនឹងនោះ Arsenal មានភាពប្រាកដប្រជាក្នុងការឈានទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ PSV ៧-១ នៅក្រៅដីកាលពីថ្ងៃអង្គារ។ ក្រុមកាំភ្លើងធំនឹងជួបម្ចាស់ជើងឯក ១៥ សម័យកាល Real Madrid ឬ Atletico Madrid ក្នុងវគ្គបន្ត៕
