ខេត្តរតនគិរី÷ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្ត និងលោកស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស និងអធិការដ្ឋាននគរបាលស្រុកបរកែវ។ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់អាវុធដោយខុសច្បាប់(ដាវប្រវែង៦៦សង់ទីម៉ែត្រ)ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានបង្ហាញថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទីយប់ កម្លាំងការិយាល័យជំនាញបានទទួលព័ត៌មានពីគណនី Facebook ឈ្នោះ PTR News tv ដែលបានង្ហោះសកម្មភាព video មានដូចជាដាវកែច្នៃចំនួន ១ដើម ស្លាកលេខម៉ូតូចំនួន ១ ក្រោយពីមានគណនី Facebook ដែលបានបង្ហោះខាងលើនោះមក។
របាយការណ៍បានបញ្ជាក់ទៀតថា លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស និងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធករណីខាងលើនេះ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សេវ លាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅបច្ចុប្បន្នភូមិតូច ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

សកម្មភាពរបស់ជនសង្ស័យ បានបង្ហោះ video ដែលមានរូបភាពដាវ ស្លាកលេខម៉ូតូ និងសំឡេងដែលខ្លួនបានធ្វើសកម្មភាព។
បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាង
១-ដាវមានប្រវែង៦៦សង់ទីម៉ែត្រ ទទឹង ៥ហ៊ុន។
២-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPhone 7 Plus ពណ៌ខ្មៅ (សភាពចាស់)
៣-ស្លាកលេខម៉ូតូចំនួន០១។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដកហូតរក្សាទុកនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

