សភា​អ៊ុយក្រែន​ បញ្ជាក់ជាថ្មី​ថា លោក Zelenskyy នៅ​តែ​ជា​ប្រធានាធិបតីស្របច្បាប់

សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានអនុម័តដំណោះស្រាយមួយដោយបញ្ជាក់ជាថ្មីថា លោក Volodymyr Zelenskyy នឹងនៅតែជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលប្រទេសនេះនៅមានសង្រ្គាម។

ដោយមានសំឡេងគាំទ្រចំនួន ២៦៨ គណបក្ស Verkhovna Rada បានអនុម័តដំណោះស្រាយដោយប្រកាសថាអំណាចរបស់លោក Zelenskyy នឹងបន្តរហូតដល់ច្បាប់អាជ្ញាសឹកត្រូវដកវិញ ពោលគឺសង្រ្គាមត្រូវបញ្ចប់។ យ៉ាងណាក៏មានសមាជិក​សភា​១២ ​រូប​បាន​បោះ​ឆ្នោតអនុប្បវាទ​មិន​គាំទ្រ។

 ដំណោះស្រាយខាងលើនេះបានលើកទ្បើងថា យោងតាមរដ្ឋធម្មនុញ្ញ លោក Zelenskyy នៅតែជាប្រធានាធិបតីជាប់ឆ្នោតស្របច្បាប់របស់ប្រទេសអ៊ុយក្រែន ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅពេលដែលសន្តិភាពត្រូវបានស្តារឡើងវិញ ខណអាណត្តិប្រាំឆ្នាំរបស់លោក Zelensky បានបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៤។

សេចក្តីព្រាងដំណោះស្រាយបានបរាជ័យក្នុងការប៉ុនប៉ងលើកដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយទទួលបានតែ ២១៨ សំឡេង ពោលគឺតិចជាង ២២៦ ដែលត្រូវការ។ បរាជ័យ​នេះ​ត្រូវ​បាន​សន្មត​ថា ​បណ្តាលមកពី​គណបក្ស​សាមគ្គីភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី Petro Poroshenko មិនបោះឆ្នោតគាំទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ លោក Poroshenko បានប្រកាសថា បក្សពួករបស់គាត់នឹងមិនរារាំងការអនុម័ត “ច្បាប់ការពារជាតិ និងច្បាប់អន្តរជាតិសំខាន់ៗទៀតទេ”។

      កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទសួរពីភាពស្របច្បាប់របស់លោក Zelenskyy ដោយអះអាងថាគាត់មានការគាំទ្រពីសាធារណៈជនត្រឹមតែ ៤% ប៉ុណ្ណោះហើយក៏បានហៅលោកថាជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត”ថែមទៀត។

   កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា Zelenskyy ត្រូវតែជៀសវាងពីការពិភាក្សាជាមួយរុស្ស៊ី ពីព្រោះការចរចាទំនងជានាំទៅដល់ការបញ្ចប់ច្បាប់អាជ្ញាសឹកយ៉ាងឆាប់រហ័ស ដោយដកចេញនូវលេសសម្រាប់ការពន្យារពេលការបោះឆ្នោតនៅអ៊ុយក្រែន។  ការថ្លែងបែបនេះគឺមានន័យថាលោកនឹងបង្ខំ Zelenskyy ឱ្យរៀបចំការបោះឆ្នោតភ្លាមៗដែលជាអ្វីដែលគាត់ព្យាយាមជៀសវាងនោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment