ខេត្តរតនគិរី÷ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបានចាត់តាំងឲ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអណ្តូងមាស ដឹកនាំដោយ លោក មាស សារ៉េត ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការអនុសាខា និងក្រុមការងារកាកបាទក្រហមឃុំញ៉ាង ចុះទៅសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ ទៅជូនដល់ជនរងគ្រោះចំនួន២គ្រួសារ ដោយអគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន២ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក មាស សារ៉េត ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខ ពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនោះអំណោយមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អង្ករចំនួន ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអៀវ ១យួរ, ឃីត១ មុង១, ភួយ១, សារុង១, ក្រមា១, កៅស៊ូតង់ ១, កន្ទេល១, ឆ្នាំងបាយ១, ឆ្នាំងសម្ល១, ចានបាយ១០, ចានសម្ល១០, និងស្លាបព្រា១០, ថវិកា១០ម៉ឺនរៀល, ក្នុង១គ្រួសារ។

អនុសាខាស្រុកអណ្តូងមាស អង្ករ ១បេ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកា ៤០ម៉ឺនរៀល ក្នុង១គ្រួសារ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្ទះឈើចំនួន២ខ្នងបានឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនប៉ុន្តែមនុស្សមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ បន្ទាប់ពីក្មួយប្រុសជនរងគ្រោះបានលួចដុតបំផ្លិចបំផ្លាញ ថែមទាំងកាប់ទៅលើតារបស់ខ្លួនថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ក្មួយប្រុសម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត(ហើយបែកថ្នាំ)។ស្ថិតក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកអណ្តូងមាសបានចុះស្រាវជ្រាវរកមុខសញ្ញានិងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានមានឈ្មោះ រម៉ាម ដាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចារាយ ត្រូវជាក្មួយរបស់ជនរងគ្រោះ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅវេលាម៉ោង២៣និង០០នាទី ជនសង្ស័យបានចូលផ្ទះហូបបាយ ហើយបានសុំបារី១ដើមពីតាឈ្មោះ សល់ ហឹង អាយុ៧០ឆ្នាំ ដោយខ្លួនមានដែកកេះនៅជាប់និងខ្លួនផងនោះ ក៏បានចូលទៅដេក បន្ទាប់ពីយល់សុបិនឃើញខ្មោចលងខ្លួន បានភ្ញាក់ឡើង ហើយអង្គុយម្នាក់ឯងរហូតដល់ម៉ោង៥និង១០នាទី ក៏បាននឹកខឹងផ្ទះរបស់ឈ្មោះ សល់ ធឺម មានខ្មោចលងខ្លួន ហេីយក៏បានចូលទៅក្នុងផ្ទះឈ្មោះសល់ ធឺម បានឃេីញកាដុងសាំងប្រហែល៥លីត្រ រួចចាក់សាំងដុត និងដើរចេញកាន់កាំបិតផ្កាកចេញពីផ្ទះឈ្មោះសល់ ធឺម មិនយូរប៉ុន្មានបានឃើញឈ្មោះ ក្លាន អឺត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាំងសេ ក៏បានកាប់និងកាំបិតផ្កាកត្រូវចំនួន២កន្លែង គឺចំ.កដៃខាងស្ដាំ ១កាំបិត និងចំស្មាឆ្វេង១កាំបិត។
បន្ទាប់ពីកាប់តារបស់ខ្លួនរួចមក ក៏បានរត់គេចខ្លួនទៅតាមវាលស៊ុន(គឺជាវាលស្រែ)ផ្លូវឆ្លងកាត់ទៅភូមិផ្ដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ គោលបំណងរត់គេចខ្លួនទៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។សមត្ថកិច្ចបានស្វែងរកចាប់ខ្លួនដល់កំពុង.ដ ស្ថិតក្នុងភូមិផ្ដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ទេីបចាប់បានជនសង្ស័យ។
ចំពោះវត្ថុតាងកាំបិតផ្កាក់ជនសង្ស័យបានបោះចោលនៅក្នុងព្រៃពុំចាំទីកន្លែងនោះទេខណ:ពេលរត់គេចខ្លួននោះ។

ជនរងគ្រោះដែលឆេះផ្ទះនោះ ទី១-ឈ្មោះ សល់ ធឺម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចារាយ មានសមាជិកចំនួន៤នាក់ ខូចខាចផ្ទះទំហំ ៦ គុណ ៧ម៉ែត្រ ប្រក់សង្ក័សី បាំងក្តារ ក្នុងនោះសម្ភារ:បានបាត់បង់រួមមាន
១-ម៉ាស៊ីនកាត់ស្មៅ២
២- ម៉ាស៊ីនភ្លើង១
៣-ម៉ាស៊ីនត្រង់ស៉ីន័រ១
៤-ស្រូវ១តោន
៥-លុយខ្មែរចំនួន៥លានរៀល។
ជនរងគ្រោះទី២-ឈ្មោះ សល់ ហឺង ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិចារាយ មានសមាជិកចំនួន៩នាក់ ក្នុងនោះសម្ភារបាត់បង់រួមមានផ្ទះឈើ៩គុណ១០ម៉ែត្រ ប្រក់ប្រូស៊ីម៉ង់ បាំងក្តារនិងក្រាលក្តា ព្រមទាំងរបស់របរផ្ទះបាយមួយចំនួនធំទៀត។
ហើយជនសង្ស័យ(ត្រូវជាក្មួយ)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ ចាត់ការបន្តទៅតាមនីតិវិធី៕

