ប្រធានាធិបតីប៉ូឡូញ រងការរិះគន់ និងចំអក ក្រោយពេលជួបលោក Trump បានតែ ១០ នាទី  

ការិយាល័យរបស់ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានច្រានចោលការរិះគន់ចំពោះជំនួបរបស់លោក Duda ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលអ្នករិៈគន់ថា មានរយៈពេលខ្លីជាងការរំពឹងទុក ដែលគ្រោងជួបក្នុងរយៈពេល ១ម៉ោង ដោយសារតែការរង់ចាំការមកដល់របស់លោក Trump មានរយៈពេលយូរហួសហេតុ។

ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានរាយការណ៍ថា លោក Duda បានរំពឹងថាយ៉ាងហោចណាស់លោកនឹងជួបលោក Trump រយៈពេលជាងមួយម៉ោងខណដែលលោកបានហោះហើរឆ្លងកាត់អាត្លង់ទិកដើម្បីចូលរួមសន្និសីទសកម្មភាពនយោបាយអភិរក្ស (CPAC) ក្នុងរដ្ឋ Maryland កាលពីថ្ងៃសៅរ៍កន្លងទៅ។ 

 ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការជួបគ្នារវាងប្រធានាធិបតីប៉ូទ្បូញ និងលោក Trumpមានរយៈពេលតែដប់នាទីប៉ុណ្ណោះខណៈដែល Reuters បានកត់សម្គាល់ថាកិច្ចប្រជុំ រយៈពេលខ្លីបានកើតឡើង បន្ទាប់ពីលោក Trump បានមកដល់កន្លែងប្រជុំយឺត។

 យ៉ាងណាក៏ដោយ កាលពីថ្ងៃច័ន្ទម្សិលមិញ លោក Marcin Masalerek ប្រធានបុគ្គលិករបស់លោក Duda ដែលបានអមដំណើរលោក Duda ទៅសហរដ្ឋអាមេរិកបានច្រានចោលការរិះគន់នេះ ដោយលើកទ្បើងថា ការវាយតម្លៃរបស់ទីភ្នាក់ងារសារព័ត៌មានរាយការណ៍ដោយខ្វះមូលដ្ឋាននៅក្នុងការពិត។

      លោកក៊បានប្រាប់វិទ្យុ ZET ថា កិច្ចប្រជុំមិនបានបញ្ចប់ក្នុងរយៈពេល ១០ នាទីនោះទេ ហើយវាក៏មិនមានបំណងជួបគ្នារយៈពេលមួយម៉ោងនោះដែរ។ លោកបានហៅការធ្វើអត្ថាធិប្បាយរបស់សារព័ត៌មានទាំងនោះគឺអវិជ្ជមាន ឬជាការច្រណែនផ្នែកនយោបាយ ដែលពួកគេអាក់អន់ចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំរវាង Duda និង Trump ។ លោកក៏​បាន​ចំអក​បន្ថែម​ទៀត​ចចំពោះអ្នករិះគន់ដែល​ថា​ លោក Duda បានអង្គុយរង់ចាំប្រធានាធិបតី​នៃ​ប្រទេសមហាអំណាចក្នុងរយៈពេលដ៏យូរ ដែលត្រូវបានគេគិតថា​​ជា​ការ​អាម៉ាស់ខ្លាំងណាស់។

      លោក Duda គឺជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបានជួបលោក Trump ដោយផ្ទាល់បន្ទាប់ពីការបើកសម្ពោធសម្រាប់អាណត្តិទីពីររបស់លោកTrumpកាលពីខែមុន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចនោះ លោក Duda បានសម្តែងនូវទំនុកចិត្តថា លោកមិនមានការព្រួយបារម្ភអំពីការថយចុះនៃវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ូឡូញនោះទេ។ លោកក៏បានជំរុញឱ្យមេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky បន្ត កិច្ចសហប្រតិបត្តិការដោតស្ងប់ស្ងាត់ និងស្ថាបនា ជាមួយ Trump ។

    ប៉ូឡូញគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែននៅក្នុងជម្លោះជាមួយរុស្ស៊ី ដែលជាគោលនយោបាយដែលរដ្ឋាភិបាលសេរីនិយមគាំទ្រសហភាពអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី Donald Tusk បានបន្តបន្ទាប់ពីជ័យជម្នះការបោះឆ្នោតឆ្នាំ ២០២៣ លើសម្ព័ន្ធមិត្តរបស់ Duda ពីគណបក្សអភិរក្សច្បាប់ និងយុត្តិធម៌ (PiS) ។

    ផ្ទុយស្រឡះពីការគិត ខណជំហររបស់លោក Trump លើអ៊ុយក្រែន ខុសគ្នាយ៉ាងខ្លាំងពីអ្នកកាន់តំណែងមុន គឺលោក Joe Biden ។ Trump តស៊ូមតិសម្រាប់ដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះអរិភាព ហើយបានរិះគន់ជាចំហលើគោលនយោបាយរបស់ Zelensky រួមទាំងការបដិសេធរបស់គាត់ក្នុងការរៀបចំការបោះឆ្នោតផងដែរ។  ទីក្រុងវ៉ាស៊ីនតោនក៏កំពុងស្វែងរកការយកមកវិញនូវប្រាក់ដុល្លារដែលអ្នកជាប់ពន្ធដែលបានចំណាយលើការជួយដល់ប្រទេសអ៊ុយក្រែនដោយការចរចាលើកិច្ចព្រមព្រៀងរ៉ែដែលរដ្ឋាភិបាល Zelensky មិនទាន់បញ្ចប់នៅឡើយ។

    ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង លោក Trump បានដាក់ស្លាក Zelensky ថាជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត” ដោយព្រមានថាឱកាសរបស់គាត់ដើម្បីទទួលបានផលប្រយោជន៍ពីសុច្ឆន្ទៈរបស់សហរដ្ឋអាមេរិកកំពុងថយចុះយ៉ាងឆាប់រហ័ស។ ជាការឆ្លើយតប Zelensky បានចោទប្រកាន់លោក Trump ពីការរស់នៅក្នុង “ពពុះព័ត៌មានមិនពិត” របស់រុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment