មន្ត្រីក្នុងតំបន់ បានឲ្យដឹងពីករណីផ្ទុះគ្រាប់បែកមួយគ្រាប់ នៅខេត្តជាប់ព្រំដែនភាគខាងត្បូង នៅមុនដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យ ទៅទីនោះ។

ផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅខេត្តយ៉ាឡា បណ្ដាលឲ្យជនស៊ីវិលម្នាក់ស្លាប់ និងប៉ូលិស ៧ នាក់រងរបួស ដែលទីតាំងផ្ទុះនៅមុខផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃសៅរ៍។
ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ១០ ស្ថិតក្នុងភូមិ ម២ ក្នុងសង្កាត់ Bannang Sata វេលាម៉ោងប្រហែល ៨ និង ២០ នាទីយប់ អំឡុងសមត្ថកិច្ចមូលដ្ឋានចំនួន ៧ នាក់ កំពុងល្បាតក្នុងតំបន់នោះ ។
លោក Pol Maj Worawit Na Nakhon អធិការស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលីស Bannang Sata បាននិយាយថា ការផ្ទុះនេះ សម្លាប់បុរសម្នាក់ និងមន្ត្រីផ្សេងទៀតរបួស។
កន្លែងកើតហេតុ ត្រូវបានគេបិទចរាចរណ៍បណ្ដោះអាសន្ន ខណៈដែលក្រុមអ្នកជំនាញផ្នែកកម្ចាត់គ្រាប់បែក និងមន្ត្រីកោសល្យវិច្ច័យ ចុះទៅប្រមូលភស្តុតាង ។
គួរបញ្ជាក់ថា អ្នកជំនាញផ្នែកគ្រាប់បែក បានរកឃើញថា គ្រឿងផ្ទុះនេះ គឺដាក់បង្គប់នៅខាងក្នុងបំពង់ពន្លត់អគ្គីភ័យ។ ខណការផ្ទុះ ក៏បានធ្វើឱ្យខូចខាតរថយន្តជាច្រើនគ្រឿងផងដែរ ៕

ដោយ៖ ពេជ្រ