លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បាន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ។
លោក អ៊ុំ រាត្រី បានណែនាំអាជ្ញាធរក្រុង-ស្រុក អាជ្ញាធរឃុំ-សង្កាត់ និងមន្ទីរជំនាញ បន្តយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីវិធានការបន្ត រិះរកគ្រប់មធ្យោបាយ រកប្រភពទឹកសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ ។
លោកថ្លែងថា បច្ចុប្បន្ននេះបណ្ដាស្រុកមួយចំនួនពិសេស ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ចំណែកទឹកក្នុងក្រុងសិរីសោភ័ណ ទឹកស្ទឹងក៏ចាប់ផ្ដើមស្រកជាបណ្តើរៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋានរបស់ខ្លួន ត្រូវណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់។ ចំណែកអាជ្ញាធរគ្រប់ឃុំ-សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋប្រកបរបបធ្វើស្រែ ត្រូវណែនាំដល់ពួកគាត់ ចាប់ពីពេលនេះតទៅមិនអនុញ្ញាត ឱ្យមានការបូមទឹកពីស្ទឹង ស្រោចស្រពស្រែប្រាំងទៀតនោះទេ ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់នាពេលខាងមុខ៕




