ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមើលឃើញភាពផ្ទុយគ្នាភ្លាមៗនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីលោកទំនាស់ពាក្យសំដីគ្នាជាមួយប្រធានាធិបតី Donald Trump ។ ភាពផ្ទុយគ្នានោះបន្ទាប់ពី លោកបានជួបពិភាក្សាគ្នាជាមួយបេសកជនពិសេសមួយរូបមកពីទីក្រុងវ៉ាស៊ីនតោន។ លោកអះអាងថាជំនួបនោះទទួលបានផលល្អប្រសើរណាស់។ ប៉ុន្តែសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេដែលគ្រោងធ្វើក្រោយកិច្ចពិភាក្សានោះត្រូវបានលុបចោលដោយមិនបានបញ្ជាក់មូលហេតុ។

យ៉ាងណាក៏ដោយលោក Zelensky បានលើកឡើងលើបណ្តាញសង្គមដោយរៀបរាប់ថាលោកដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក។
លោក Zelenskyy បានស្វាគមន៍លោក Keith Kellogg បេសកជនអាមេរិកទៅកាន់ការិយាល័យប្រធានាធិបតីក្នុងទីក្រុង Kyiv កាលពីម្សិលមិញ ខណដែលការពិភាក្សារបស់ពួកគេត្រូវបានអះអាងថាត្រូវធ្វើការបង្ហាញខ្លួននៅចំពោះមុខអ្នកយកព័ត៌មានក្រោយកិច្ចពិភាក្សានោះ ប៉ុន្តែត្រូវអាក់ខានទៅវិញ។ ទោះយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា សន្និសីទសារព័ត៌មានត្រូវបានភាគីអាមេរិកលុបចោល។
លោក Zelenskyy បានសរសេរនៅលើ X ថាអ្នកទាំងពីរមានការពិភាក្សាគ្នាប្រកបដោយផលិតភាព លោកបាននិយាយថា ពួកគេបានពិភាក្សាលម្អិតអំពីស្ថានការណ៍នៅជួរមុខ របៀបបញ្ជូនអ្នកទោសសង្គ្រាមមកវិញ និងការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាពសម្រាប់អ៊ុយក្រែន។
ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់របស់សេតវិមានក៏បានចេញការបំភ្លឺបន្ថែមទៀតលើការខកចិត្តរបស់លោក Trump ចំពោះលោក Zelenskyy ។ ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោនថា ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងសម្រាប់សហរដ្ឋអាមេរិកក្នុងការទទួលបានសារធាតុរ៉ែសំខាន់ៗនៅក្នុងអ៊ុយក្រែននោះទេ។
លោក Waltz បាននិយាយថា ការពិតដែលថាលោក Zelenskyមិនបានមកតុចរចាគឺដោយសារតែគាត់មិនមានឆន្ទៈក្នុងការចាប់យកឱកាសនេះដែលយើងផ្តល់ជូននោះទេ ហើយលោកគិតថានៅទីបំផុតគាត់នឹងទទួលលទ្ធផលបែបនោះ ហើយខ្ញុំសង្ឃឹមថាយ៉ាងឆាប់រហ័ស។
លោក Zelenskyy បាននិយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែពាក់ព័ន្ធនឹងការធានាសន្តិសុខបន្តពីសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ