១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរសំខាន់ដែលពិភពលោកបាននៅចងចាំពីភាពជោគជ័យនៃសន្និសីទជាតិលើកទី៨របស់ប្រទេសស្តីពីការការពារបរិស្ថានអេកូឡូស៊ី ដែលសន្និសីទនោះជាវេទិកាខ្ពស់បំផុត និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន។ សន្និសីទនោះបានធ្វើជាក្រាំងឯកសារចងក្រងពីសមិទ្ធផលទ្រឹស្តីដ៏សំខាន់នៃទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានស្ថាបនា និងមគ្គុទ្ទេសក៍មាគ៌ាដ៏ប្រពៃសម្រាប់ជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាលចិនឆ្ពោះទៅបង្កើនការប្តេជ្ញាចិត្តកាន់តែខ្ពស់ក្នុងនាមជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួនដល់បរិស្ថានសកល ដោយរក្សាបាននូវស្មារតីប្រយុទ្ធមិនរួញរាយកជ័យជម្នះលើសមរភូមិដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី។ គោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ជាអង្គពីរដែលមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរួមគ្នាបើកជំពូកថ្មីនៃការលើកកម្ពស់បៃតងភាពយ៉ាងពេញលេញដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុងទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
៧ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ ថែមទាំងជាការសិក្សាយ៉ាងស៊ីជម្រៅពីទស្សនវិជ្ជារបស់លោក Xi Jinping ដែលបញ្ជាក់យ៉ាងច្បាស់តាមបែបវិទ្យាសាស្រ្តថា បរិស្ថានអេកូឡូស៊ីល្អគឺជាអត្ថប្រយោជន៍រួមបំផុតចំពោះសុខុមាលភាពរបស់មនុស្សជាតិ។ ការផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាបំពុលបរិស្ថានដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស គឺជាគោលដៅដែលមនុស្សជាតិត្រូវសហការរួមគ្នាស្របតាមខ្លឹមសារដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ។ ពីចំណែករបស់ប្រទេសចិន ការកសាងអរិយធម៌អេកូឡូស៊ីមានសារៈសំខាន់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពនៃប្រជាជាតិចិន ហើយត្រូវបានចារឹកនៅក្នុងខ្លឹមសារដ៏សំខាន់ដូចមានចែងនៅក្នុងស្មារតីនៃសមាជលើកទី១៨របស់បក្សកុម្មុយនិស្តចិន ដោយបានផ្តល់នូវគតិយ៉ាងជ្រាលជ្រៅទាក់ទងនឹងអរិយធម៌ អេកូឡូស៊ីដើម្បីគាំទ្រដល់កិច្ចការពារបរិស្ថាន ហើយត្រូវបានកត់បញ្ចូលទៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
៧ឆ្នាំមកនេះ ដោយផ្តើមពីឆ្នាំ២០១៨ ប្រទេសចិនបានតម្រង់ទិសដល់ការដាក់ចេញនូវផែនការ៥ឆ្នាំជាទៀងទាត់របស់ខ្លួន ជាពិសេសផែនការ៥ឆ្នាំលើកទី១៤ (ឆ្នាំ២០២១-ឆ្នាំ២០២៥) បាននិងកំពុងអនុវត្តគោលការណ៍ណែនាំដើម្បីគ្រប់គ្រងការបំពុលខ្យល់ ទឹក និងដី ឈានក្នុងជំហានយ៉ាងស្វាហាប់ដោយសម្រេចបានមុនការមកដល់នូវរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការណ៍នេះ ប្រទេសចិនបានផ្តល់នូវការធានាយ៉ាងរឹងមាំតាមរយៈការរៀបចំស្ថាប័នល្អបំផុត និងប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុតស្របតាមគោលការណ៍នីតិរដ្ឋក្នុងវិស័យសំខាន់ៗប្រឆាំងនឹងបញ្ហា បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ប្រទេសចិនក្នុងយុគសម័យថ្មីដែលនឹងរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពបរិស្ថានវិទ្យានៅក្នុងប្រទេសចិន ព្រមទាំងជំរុញល្បឿននៃការអភិវឌ្ឍប្រកបដោយចីរភាពសកលដោយយកគំរូភាពពីប្រទេសចិន។ ជាក់ស្តែងផ្ទៃដីដែលមានដើមឈើលូតលាស់ប្រមាណ២៥%ក្នុងប្រទេសចិន ការរួមចំណែករបស់ប្រទេសចិនក្នុងការអភិរក្សជីវចម្រុះ និងកិច្ចការពារសត្វដែលស្ថិតនៅក្នុងបញ្ជីសត្វជិតផុតពូជ ព្រមទាំងសត្វកម្រដូចជាដំរីអាស៊ី ជាសក្ខីភាពនិងជាទឡ្ហីករណ៍គូសរំលេចយ៉ាងប្រត្យក្សពីគោលនយោបាយឥតផ្លាស់ប្តូរបស់ប្រទេសចិនលើការងារការពារបរិស្ថានជូនដល់ពិភពលោក។
១៨ ឧសភា ២០១៨ បានត្រួសត្រាយផ្លូវដល់១៥ សីហា ២០២៣ ក្នុងការកំណត់ជាទិវាជាតិអេកូឡូស៊ី ហើយជាយន្តការសកលដែលពិភពលោកបាននិងកំពុងរៀនសូត្រពីបទពិសោធន៍របស់ប្រទេសចិន ហើយដែលសហគមន៍អន្តរជាតិបានប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយប្រទេសចិនលើការកសាងអរិយធម៌អេកូឡូស៊ីសកល និងរួមគ្នាប្រកៀកស្មារយ៉ាងខ្លាំងក្លាដល់អភិបាលកិច្ចបរិស្ថានសកល ដើម្បីឈានទៅរកដំណោះស្រាយទូទាំងពិភពលោកសម្រាប់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈបទពិសោធន៍ប្រកបដោយគរុសភានៃប្រាជ្ញាចិនលើដោះស្រាយប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ បញ្ញត្តិ«ប្រទេសចិនស្អាត» និង «ការស្តារនិងអភិវឌ្ឍជនបទគ្រប់ជ្រុងជ្រោយ»នៅក្នុងប្រទេសចិនបានចាក់បញ្ចូលនូវអរិយធម៌អេកូឡូស៊ីដែលជាមាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិនគ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ីប្រៀបដូចជាថែរក្សាកែវនេត្រារបស់ខ្លួន»។ កិច្ចបង្កើនល្បឿនដល់អរិយធម៌អេកូឡូស៊ីស្របតាមគោលគំនិតរួមរបស់ប្រជាជនគឺជាអភិបាលកិច្ចប្រទេសចិនស្របតាមខ្លឹមសារជាសារវន្តនៃប្រជាធិបតេយ្យតាមបែបផែនចិន និងជាគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិនដែលបម្រើជាប់ជានិច្ចនូវផលប្រយោជន៍របស់ប្រជាជន ស្របនឹងទស្សនវិជ្ជារបស់លោក Xi Jinping ថា «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»។
ជារួម ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ (១៨ ឧសភា ២០១៨ – ២០២៥) ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតងភាព និងសេដ្ឋកិច្ចបៃតងដោយពង្រីកឧស្សាហកម្មដើរដោយថាមពលស្អាតប្រកបដោយការធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវដល់ប្រជាជនចិន ព្រមទាំងខិតខំប្រឹងប្រែងយ៉ាងជាប់លាប់ជានិច្ចក្នុងការកែលម្អបរិស្ថានរស់នៅ និងថែរក្សាទេសភាពដ៏ស្រស់ស្អាតនៅក្នុងជនបទចិន ដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែកគំរូភាពដល់សហគមន៍អន្តរជាតិពីបទពិសោធន៍យ៉ាងជោគជ័យស្តីពីការអភិវឌ្ឍនប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំងនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន៕


ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន