តាកែវ ៖ ប្រធានច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវ លោក ឃុត ប៊ុនធឿន បានអោយភ្នំពេញថ្មីយើងដឹងថា រយៈពេញ១ឆ្នាំ២០២៤ ការប្រមូលចំណូលអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ មានការកើនឡើងទាំងការផ្ដល់សេវា និងចំណូល គួរឲ្យកត់សម្គាល់ ខណៈដែលការប្រមូលចំណូលនាឆ្នាំ២០២៣កន្លងមកបានធ្លាក់ចុះប្រមាណ២០ភាគរយ។

ប៉ុន្តែសម្រាប់ពេញមួយឆ្នាំ២០២៤កន្លងទៅនេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ដែលមានវិស័យចំនួន១៤ បានធ្វើការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ជាង២ម៉ឺន៨ពាន់សេវា និងទទួលបានចំណូលចំនួនជាង៤៨ពាន់លានរៀល បើគិតជាដុល្លាគឺប្រមាណជាង ១លាន២សែនដុល្លារ។
លោកថា ចំនួនសេវាមានការកើនឡើជាង២ភាគរយ និងចំណូលមានការកើនឡើងចំនួន១៦,៨៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០២៣កន្លងទៅ។ ក្នុងនោះដែរវិស័យដែលបានផ្ដល់សេវា និងចំណូល បានច្រើនជាងគេ គឺទទួលបានពីវិស័យសូរិយោដី វិស័យកសិកម្ម វិស័យព័ត៌មាននិងវិស័យសាធារណៈការ ។

លោកប្រធានច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវបានបញ្ជាក់បន្ថែមថា មូលហេតុដែលនាំឲ្យចំណូលច្រកមានការកើនឡើង ដោយសារការចុះបញ្ជីវិនិយោគរោងចក្រសហគ្រាសដែលមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខេត្តតាកែវមានការកើនឡើងរួមទាំងវិស័យដីធ្លីក៏មានការកើនឡើងផងដែរ ជាពិសេសដោយសារមានការខឹតខំប្រឹងប្រែងសម្របសម្រួលបន្ថែមទៀតពីមន្រ្តីច្រកនិងថ្នាក់ដឹកនាំខេត្ត ព្រមទាំងពីមន្ទីរជំនាញស្ថាប័នដែលបានផ្ទេរសេវាមកកាន់អង្គភាពច្រកចេញចូលតែមួយ ដែលនាំឲ្យការបម្រើសេវាបានរហ័សនិងបានផ្ដល់ជំនឿទុកចឹត្តដល់បងប្អូនប្រជាពលរដ្ឋដែលមករកសេវាផងដែរ។
លោក ឃុត ប៊ុនធឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ សូមអញ្ជើញមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត នៅតាមអង្គភាពច្រកចេញចូលតែមួយ នៅតាមបណ្ដាលស្រុកមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ការផ្ដល់សេវាមានភាពលឿនរហ័ស ចៀសវាងពឹងអ្នករត់ការជំនួសដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតម្លៃរដ្ឋ ដែលបានកំណត់៕ត្រាំកក់


