ក្រុមហ៊ុនចិនមកពីទីក្រុងនីងប៉ ខេត្តចឺជាំង ប្រទេសចិនមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉  ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong)  អគ្គនាយកធនាគារនីងប៉  ដែលក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ។ល។

លោកអគ្គលេខាធិការបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូដែលបានមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។ លោកក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

 លោកថែមទាំងបានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះលោកអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។

លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថាតាមរយៈជំនួបលើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

Written by 

Related posts

Leave a Comment