ក្រុមនាគខៀវបឹងកេត នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមសេះមាសវិសាខា នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក្នុងសប្តាហ៍ទី២២ ជុំចុងក្រោយវេលាម៉ោង១៨៖០០នាទីល្ងាចនេះ។
មុនការប្រកួតគ្រូបង្វឹកក្រុមបឹងកេតលោក Conor Nestor បានប្តេជ្ញាថានឹងធ្វើឲ្យបានល្អក្នុងការប្រកួតជាមួយវិសាខានៅថ្ងៃនេះ។ លោកថា «ការប្រកួតនៅជើងទី ១ ពួកយើងមានឳកាសច្រើន ប៉ុន្តែអ្នកចាំទីវិសាខាអាចជួយសង្គ្រោះបានច្រើនដូចគ្នា ដូច្នេះមិនខុសគ្នាច្រើនពេកទេ ប៉ុន្តែសម្រាប់ជើងទី ២ នេះយើងបានកែប្រែចំនុចខ្វះខាត នឹងធ្វើឲ្យបានល្អជាងជើងទី ១។»
ចំណែកលោក Tunji Ayoyinka Akeeb គ្រូបង្វឹកក្រុមវិសាខា បាននិយាយថា«ពួកយើងរៀបចំក្រុមបានល្អ ហើយកីឡាករ ពួកគាត់ក៏ហ្វឹកហាត់បានល្អដែរ ក្នុងសប្ដាហ៍នេះ ។ ពួកយើងនឹងជួបក្រុមល្អបឹងកេត ហើយមួយរយៈនេះ ពួកគាត់ធ្វើបានល្អ ក្រោមការដឹកនាំរបស់លោកគ្រូបង្គោលថ្មី ដែលជាគ្រូបង្វឹកមានបទពិសោធន៍ច្រើន។ យ៉ាងណាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំក្រុមដណ្ដើម ៣ពិន្ទុនៅថ្ងៃស្អែក» ៕

