ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណ:អភិបាលស្រុកស្វាយជ្រំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្តីទី លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការ កងកម្លាំងទាំងបី លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ លោក លោកស្រីប្រធានអង្គការ សមាគម កំពុងមានសកម្មភាពក្នុងស្រុក។

លោកអភិបាលរងខេត្តបានលេីកឡេីងថា​ កត្ដាសុខសន្ដិភាព ស្ថិរភាពនយោបាយ ក្រោម​ការដឹកនាំដ៏មោះមុត វាងវៃ ស្វាហាប់ ប្រាកដប្រជា ប្រកបដោយថាមពល បុរេសកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពបត់បែនរបស់  សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខណៈអំណោយផល នៃច្បាប់ស្ដីពីវិនិយោគ និងកត្ដាតំបន់ភូមិសាស្រ្ដ បានធ្វើឱ្យខេត្ដស្វាយរៀង ក្លាយជាគោលដៅទាក់ទាញវិនិយោគិន ឱ្យមកបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រ សហគ្រាសបន្ថែមជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមថា​ ដើម្បីបន្តថែរក្សានូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និង​ពង្រឹង​ពង្រីកសមិទ្ធិផលទាំងនេះបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​នៅក្នុងស្រុក ស្វាយជ្រំ ឱ្យទទួលបានជោគជ័យ ខ្ញុំសូមធ្វើការផ្ដាំផ្ញើដល់គណៈអភិបាលស្រុកស្វាយជ្រំ លោកស្រីអភិបាលរងស្រុកដែលទើបតែងតាំង ព្រមទាំងមន្ត្រី​រាជការក្នុង​រចនា​សម្ព័ន្ធ​រដ្ឋបាល​ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់​អនុវត្តនូវ​កិច្ច​កា​រ​​​សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ ។

២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ​ថែរក្សា​ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ​ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ។

៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុកឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

សូមជម្រាបជូនថា​ យោងតាមប្រកាសលេខ ១៩១ ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ២រូប គឺលោកស្រី ពេជ្រ ចាន់លីន ពីអភិបាលរងស្រុកកំពង់រោទិ៍ មកកាន់មុខតំណែងជាអភិបាលរងនៃគណ:អភិបាលស្រុកស្វាយជ្រំ និងលោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ មកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍៕គឹមសេង

Written by 

Related posts

Leave a Comment