ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយទូរស័ព្ទកាលពីថ្ងៃពុធ ដោយដំបូងឡើយ លោកបានជជែកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាកន្លែងដែលពួកគេពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ បន្ទាប់មកគាត់បានទូរស័ព្ទទៅប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។

លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាគាត់និងលោកពូទីនបានព្រមព្រៀងគ្នាក្នុងការបញ្ឈប់ការស្លាប់រាប់លាននាក់ដែលកើតឡើងនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី អ៊ុយក្រែន។ លោកបញ្ជាក់បន្ថែមថា ក្រុមទាំងសងខាងនឹងចាប់ផ្តើមចរចាភ្លាមៗផងដែរ។
លោកមានប្រសាសន៍ថា ពួកគេក៏បានពិភាក្សាអំពីបញ្ហាជាច្រើនផ្សេងទៀត និងបានរៀបចំគម្រោងទៅលេងប្រទេសរបស់គ្នាទៅវិញទៅមកថែមទៀត។
ទន្ទឹមនោះ រុស្ស៊ីក៏បានបញ្ជាក់ការសន្ទនានេះដែរ ខណដែលអ្នកនាំពាក្យការិយាល័យប្រធានាធិបតី Dmitry Peskov បាននិយាយថា ការសន្ទនានេះមានរយៈពេលជិតមួយម៉ោងកន្លះ។ លោកបានថា លោក ពូទីន បានប្រាប់លោក Trump ថាពួកគេចាំបាច់ត្រូវដោះស្រាយមូលហេតុដើមនៃជម្លោះអ៊ុយក្រែន ហើយថាមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថាដំណោះស្រាយយូរអង្វែងនឹងត្រូវបានសម្រេចតាមរយៈការចរចាដោយសន្តិវិធី។
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់តាមបណ្តាញសង្គមថា លោកក៏បានទូរស័ព្ទជាមួយលោក Trump ដែរ។ លោក ថា ពួកគាត់បាននិយាយអំពីឱកាសដើម្បីធ្វើឱ្យកើតមាននូវសន្តិភាព ហើយក៏បាននិយាយដែរថា ពួកគេបានពិភាក្សាអំពីការរៀបចំឯកសារថ្មីស្តីពីសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពជាដៃគូធនធាន។ លោកZelenskyy បានបន្ថែមថា ពួកគេបានយល់ព្រមបន្តទំនាក់ទំនង និងរៀបចំផែនការកិច្ចប្រជុំនាពេលខាងមុខបន្តទៀត៕

ដោយ៖ ពេជ្រ