សាលាបណ្តុះបណ្តាលនៃអង្គការសប្បុរសធម៌ឡៃហ្គឺ ដែលធ្លាប់តែទទួលសិស្សអាហារូបករណ៍នៅកម្ពុជា រយៈពេល ១២ឆ្នាំ បានប្រកាសពីការបើកទទួលសិស្ស ដែលចង់សិក្សាបង់ថ្លៃ ដើម្បីបន្តនិរន្តរភាពនៃបេសកកម្មរបស់ខ្លួន

ភ្នំពេញ៖ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដែលបង្កើតឡើងដោយអង្គការសប្បុរសធម៌ឡៃហ្គឺ បានប្រកាសពីការកែប្រែកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន ដោយក្នុងនោះ គឺ លែងទទួលយកតែនិស្សិតអាហាររូបករណ៍ទៀតហើយ ពោលគឺបើកទទួលសិស្សដែលចង់បង់ថ្លៃសិក្សា អាចចូលសិក្សានៅក្នុងសាលានេះបាន។ ជាមួយគ្នានេះ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ នេះ ក៏នឹងប្តូរឈ្មោះទៅជា សាលា AUPP Liger Leadership Academy។

ការប្រកាសកែប្រែកម្មវិធីសិក្សា និងឈ្មោះសាលានេះ គឺបន្ទាប់ពីម្ចាស់មូលនិធិនៃសាលានេះ គឺ មូលនិធិ Liger Charitable Foundation បានប្រកាសបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ក្រោយបានជួយគាំទ្រអស់រយៈពេល ១២ឆ្នាំ ក្នុងបេសកកម្មគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍយុវជននាពេលកន្លងមក។ ក្រោយមូលនិធិគាំទ្រសាលានេះ បានបញ្ចប់ សាកលវិទ្យាល័យ AUPP ក៏បានប្រកាសក្នុងការបោះទុនវិនិយោគគាំទ្រដល់សាលាមួយនេះ ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល។

ថ្លែងក្នុងសន្និសីទ នាថ្ងៃទី១០ ខែកុម្ភៈ លោកស្រី Agnieszka (អាញ៉ាសស្កា) ស្ថាបនិកនៃមូលនិធិសប្បុរសធម៌ឡៃហ្គឺ បានមានប្រសាសន៍ថា “លោកស្រី បានមកលេងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ហើយបានធ្វើការជាង ១ទស្សវត្តន៍ ក្នុងការបង្តើតកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិតសម្រាប់កុមារកម្ពុជា។ ការបញ្ចប់មូលនិធិគាំទ្រនេះ គឺដោយសារតែសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដល់អាយុកាល ហើយវាពុំត្រូវការជំនួយពីអន្តរជាតិទៀតឡើយ។ ឥឡូវនេះ សាលាបណ្តុះបណ្តាលឡៃហ្គឺ ជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា នឹងសម្រាប់ប្រជាជនកម្ពុជា។”

ដោយឡែក បើតាមកញ្ញា លិន កន្និការ តំណាងសាកលវិទ្យាល័យ AUPP បានឱ្យដឹងថា ការសម្រេចចិត្តវិនិយោគទៅលើសាលាបណ្តុះបណ្តាល និងកម្មវិធីសិក្សារបស់សាលាឡៃហ្គឺនេះ គឺ ដោយសារតែការផ្តោតសំខាន់ទៅលើការសិក្សាផ្អែកលើគម្រោង (project-based learning) និងជំនាញច្បាស់លាស់ (skills-based learning)។ ជាមួយនេះ កម្មវិធីសិក្សាសាលារៀន Liger ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីទ្បា ថា មានលក្ខណៈសមស្របដូចទៅនឹងការប្រឡងថ្នាក់ជាតិរបស់កម្ពុជានិងមានការទទួលស្គាល់ជាអន្តរជាតិសម្រាប់គុណភាពអប់រំខ្ពស់។

កញ្ញា លីន កន្និការ ក៏បានរំពឹងផងដែរថា AUPP Liger Leadership Academy នឹងធ្វើជាគំរូសម្រាប់ការអប់រំនៅកម្ពុជា ដោយផ្តោតលើការរៀនសូត្រតាមគម្រោង(project-based learning) ហើយក៏ជាសាលាអនុវិទ្យាល័យ ដែលមានជម្រើសស្នាក់ ដើម្បីបំពេញតម្រូវការរបស់មាតាបិតា។

សូមបញ្ជាក់ថា អង្គការសប្បុរសធម៌ឡៃហ្គឺ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយសាងសង់សាលារៀន អគារអន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ចំនួន ១០៣ នាក់ ក្នុងរយៈពេល ១២ឆ្នាំមកនេះ ឱ្យទទួលបានឱកាសសិក្សានៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ។ ដោយឡែក សិស្សរបស់ឡៃហ្គើ ចំនួន ៦០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សានៅតាមសាកលវិទ្យាល័យអន្តរជាតិ ចំនួន ១០ ប្រទេសផ្សេងៗគ្នាផងដែរ។

ក្នុងជំនួបនៅថ្ងៃម្សិលមិញនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការសប្បុរសធម៌ឡៃហ្គឺ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជននាពេលកន្លងមក ជាពិសេសឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អង្គការសប្បុរសធម៌ឡៃហ្គឺ ពិតជាបានជះផលវិជ្ជមានដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា ទោះបីជាមូលនិធិ Liger Charitable Foundation បានបញ្ចប់បេសកកម្មរបស់ខ្លួនក្តី តែលោកជឿជាក់ថា នឹងមានឱកាសបន្តកិច្ចសហប្រតិបត្តិជាមួយគ្នាបន្តបន្ទាប់ទៀតនាពេលអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍយុវជនកម្ពុជាឱ្យទទួលបានចំណេះដឹង និងសមត្ថភាពខ្ពស់ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះអង្គការ សប្បុរសធម៌ឡៃហ្គឺ ក្នុងការខិតខំប្រឹងប្រែងជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់ជូននូវគ្រឿងឥស្សរិយយស ចំនួន ៣ គ្រឿង៖ គឺ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Trevor Gile និងលោកស្រី Agnieszka Tynkiewicz-Gile ជាស្ថាបនិក អង្គការសប្បុរសធម៌ឡៃហ្គឺ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ (Liger Leadership Academy) និងមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ជូនលោក Dominic Sharpe ជានាយកប្រចាំប្រទេស អង្គការសប្បុរសធម៌ឡៃហ្គឺ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ(Liger Leadership Academy)៕

Written by 

Related posts

Leave a Comment