លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោកXi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេដែលយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោក  Xi Jinping បានលើកឡើងថា មិត្តភាពជាប្រពៃណីរវាងចិននិងប្រ៊ុយណេមានប្រវត្តិយូរអង្វែង។ ក្នុងរយៈពេលជាង៣០ឆ្នាំដែលចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ភាគីទាំងពីរបានបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងសកម្ម សម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រក្សាការសម្របសម្រួលល្អក្នុងកិច្ចការអន្តរជាតិនិងតំបន់ ដែលបានរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ ប្រទេសចិននិងប្រ៊ុយណេបានកសាងសហគមន៍ជោគវាសនាជាមួយគ្នា ស្របតាមនិន្នាការទូទៅនៃសម័យកាល និងសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយបានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

ជាការឆ្លើយតប  ព្រះចៅស៊ុលតង់ហាសសាណាល់មានព្រះបន្ទូលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនបានរក្សានូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយបានធ្វើឱ្យប្រជាជនរាប់រយលាននាក់ចេញផុតពីភាពក្រីក្រ ដែលជាសមិទ្ធផលដ៏អស្ចារ្យ។ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមជាសកលធំៗចំនួនបី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក និងបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំ។ ភាគីប្រ៊ុយណេប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយប្រទេសចិន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

Written by 

Related posts

Leave a Comment