បន្ទាយមានជ័យ ៖នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំង ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ០៤នាក់ ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃដដែល ៕



