ខេត្តរតនគិរី÷ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ គឺកម្មវិធីរត់ពាក់កណ្ដាល”ម៉ារ៉ាតុន”មានប្រវែងចម្ងាយ ២១គីឡូម៉ែត្រ ដែលមានទីតាំងចាប់ផ្ដើមពីវាលថ្មដា ស្ថិតក្នុងស្រុកអូរជុំ ឆ្ពោះដំណើរទៅបឹងកន្សែង ក្រុងបានលុង ហើយថែម ៤ជុំទៀតជុំវិញបឹងកន្សែង។

សូមបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធីដំបូងសម្រាប់ទឹកដី នៃខេត្តរតនគិរី ដែលបានផ្ដួចផ្ដើមដោយយុវជនខេត្ត ដឹកនាំកម្មវិធីដោយលោកស្រ៊ុន តុលា និងមានការសម្របសម្រួលគាំទ្រយ៉ាងពេញទំហឹង ពីលោក ញ៉ែមសំអឿន អភិបាលខេត្តរតនគិរី លោកធូ ឃឿ អភិបាលក្រុងបានលុង និងលោក គៀង តុលា អភិបាលស្រុកអូរជុំ។
លោកស្រ៊ុន តុលា ដែលជាអ្នកបង្កើតកម្មវិធី និងដឹកនាំកម្មវិធីនេះបានឲ្យដឹងថា ដំបូងនៃការបង្កើតកម្មវិធីមួយឡើងលោកមិននឹកស្មានថា មានការសាទរ ពីមហាជនក្នុងខេត្តនេះសោះ ជាពិសេស លោកពិតជាមានសេចក្តីរំភើបដោយមានការគាំទ្រកោតសរសើរនិងជំរុញបន្ថែមពីលោកអភិបាលខេត្ត ញ៉ែម សំអឿន។

លោកបន្តថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីបង្កើនស្មារតីមហាជនទូទាំងខេត្តឲ្យផុសផុលចូលរួមលេងកីឡាដើម្បីសុខភាព និងបង្កើតព្រឹត្តិការណ៍សប្បាយៗផ្តិតយករូបភាពស្អាតៗដើម្បីផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍ខេត្តរតនគីរី។
ហើយលោកបង្ហាញទស្សនៈផ្ទាល់ខ្លួនទៀតថា កីឡារត់”ម៉ារ៉ាតុន”នេះ ជាប្រភេទកីឡាដែលមានចរិតលក្ខណៈជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះលោកយល់ឃើញថា ” ម៉ារ៉ាតុន ” ជាព្រឹត្តិការណ៍កីឡាកៀងគរ មហាជនដែលស្រឡាញ់សុខភាពឲ្យចូលរួមប្រមូលផ្ដុំ បង្កើតទៅជាបរិយាកាស សប្បាយរីករាយ បង្កើតសាមគ្គីភាព បង្កើតអនុស្សាវរីយ៍ល្អៗនិងចែករំលែករូបភាព ឬ វីដេអូ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកបានអំពាវនាវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនា កម្សាន្តក្នុងខេត្តរតនគីរីឲ្យបានច្រើនកុះករ។
លោក ញ៉ែម សំអឿនអភិបាលខេត្ត បានផ្ដល់កិត្តិយសចូលរួមបើកកម្មវិធី ហើយក៏បានផ្ដល់មតិសំណេះសំណាល បង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ឯកឧត្តមចំពោះកម្មវិធីនេះថា ដើម្បីទាក់ទាញការវិនិយោគ ដើម្បីទេសចរណ៍ជាតិនិងអន្តរជាតិ ខេត្តរបស់យើងទីប្រជុំជនយើងនីមួយៗយើងនឹងឲ្យមានចលនានេះគ្រប់ទីកន្លែង តាមយើងអាចធ្វើទៅបានលោកបានថ្លែងថារាជរដ្ឋាភិបាលរបស់យើងដាក់ចេញឲ្យប្រជាពលរដ្ឋម្នាក់ ឲ្យចេះកីឡាយ៉ាងតិចក្នុងម្នាក់ កីឡាអីក៏បានដែរ គឺកីឡារត់ប្រណាំង កីឡាជិះកង់ កីឡាហែលទឹក បាល់ទះបាល់ទាត់ និងកីឡាអោបចំបាប់ផងដែរ។

ហើយជាចុងក្រោយនៃកម្មវិធីនេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត បានបំពាក់មេដៃជូនដល់កីឡាករជ័យលាភីចំនួន២០រូប ក្នុងនោះ មេដៃមាសចំនួន ៩រូប មេដៃប្រាក់ចំនួន ១០រូប និងមេដៃសម្រិតចំនួន ១រូប។ប៉ុន្តែក្នុងចំណោម២០រូបនោះ មាន២នាក់ជាប់លេខ១ និងលេខ២ អ្នកជាប់លេខ១ ពាក់ស្លាកលេខសម្គាល់ ១៨៧ និងអ្នកជាប់លេខ២ ពាក់ស្លាកលេខសម្គាល់ ២០៦។
ហើយប្រជាពលរដ្ឋក្នុងខេត្តរតនគីរី ចូលរួមរត់អមដំណើរក្បួនយ៉ាងច្រើន ដោយសេចក្តីសប្បាយរីករាយ និងចង់ឲ្យមានព្រឹត្តិការណ៍បែបនេះកើតមានឡើងម្ដងទៀតនៅពេលក្រោយ៕


