នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញនូវសេចក្តីបំភ្លឺដល់សាធារណជន ដោយមានខ្លឹមសារថា យោងតាមមាត្រា៣៣នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងយោងតាមនីតិវិធីជាធរមាន ការស្នើសុំគ្រប់គ្រងសិទ្ធិលើស្នាដៃគ្មានអ្នកទទួលមរតកឬគ្មានមរតកសាសន៍ ត្រូវឆ្លងកាត់ការពិនិត្យស្រាវជ្រាវពីនាយកដ្ឋានជំនាញ រួមបញ្ចូលផងដែរនូវមតិយោបល់នានាដែលអាចជាភស្តុតាងនិងទឡ្ហីករណ៍ច្បាស់លាស់ត្រឹមត្រូវ ក្នុងនោះដែរនាយកដ្ឋានក៏ត្រូវជូន ដំណឹងបន្ថែមទៅដល់គ្រប់មជ្ឈដ្ឋាននានាដែលពាក់ព័ន្ធ មុននឹងឈានដល់សេចក្តីសម្រេចផ្លូវការចុងក្រោយ។
ជាមួយគ្នានេះដែរ សេចក្តីជូនដំណឹងលេខ០៣ សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គឺស្ថិតក្នុងគោលបំណងដូចទៅនឹងនីតិវិធីដែលបានជម្រាបជូនខាងលើ។
នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបន្តប្រមូលទស្សនៈមតិយោបល់ពីសាធារណជន ដើម្បីជាមូលដ្ឋានជំនួយដល់ការឆ្លើយតបទៅម្ចាស់សំណើ។ ក្នុងន័យនេះ នាយកដ្ឋានក៏សូមថ្លែងអំណរគុណជាថ្មីចំពោះការចូលរួម ផ្តល់មតិយោបល់ និងរង់ចាំទទួលនូវឯកសារដែលជាភស្តុតាងបន្ថែម រួមជាមួយពាក្យបណ្តឹងក្រោមទម្រង់ជាលាយលក្ខណ៍អក្សរឬក៏សេចក្តីអត្ថាធិប្បាយណាមួយសមស្រប អាចបញ្ជូនមកនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬទំនាក់ទំនងមកលេខទូរសព្ទ ០១២ ៧៥៥ ៦៣៧ ឬតាមរយៈសារអេឡិចត្រូនិច kangsamoeun@yahoo.com។ អាស្រ័យហេតុដូចនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕