លោក Elon Musk ដែលជាមហាសេដ្ឋីម្ចាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump បង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ នេះជាការលើកទ្បើងរបស់នាយករដ្ឋមន្ត្រីបារាំងលោក Francois Bayrou បាននិយាយកាលពីថ្ងៃចន្ទ។
លោក Bayrou បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុក ដោយលើកទ្បើងថា Elon Musk កំពុងបង្កើតការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ សំខាន់នៅអឺរ៉ុប។ លោកបញ្ជាក់បន្ថែមថា លុយមិនគួរផ្តល់សិទ្ធិគ្រប់គ្រងមនសិការនោះទេ។
ការអត្ថាធិប្បាយរបស់លោក Bayrou អំពី Musk កើតឡើងបន្ទាប់ពីគាត់បានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសបារាំង និង អឺរ៉ុប ទាំងមូលនឹងត្រូវក្រោកឈរឡើងចំពោះលោក Trump និងគោលនយោបាយរបស់គាត់។
Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីលំដាប់ពិភពលោក បានបង្ហាញឆន្ទៈក្នុងការថ្លឹងថ្លែងលើបញ្ហានយោបាយបរទេស។ គាត់បានគាំទ្រគណបក្សប្រឆាំងអន្តោប្រវេសន៍របស់អាល្លឺម៉ង់មួយនៅមុនការបោះឆ្នោតដែលបានគ្រោងទុកក្នុងខែកុម្ភៈ ហើយបានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀតអំពីនយោបាយអង់គ្លេសដោយទាមទារឲ្យនាយករដ្ឋមន្ត្រី Keir Starmer លាលែងពីតំណែង៕
ដោយ៖ ពេជ្រ