លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបញ្ជាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ថា ម៉ុងសាយ គឺជារបាំសត្វតោ ជារបាំដែលបានបង្កប់នូវអត្ថន័យចំនួន៤នៅប្រពៃណីជនជាតិចិន៖
1) របាំតោជាការបង្ហាញនូវឫទ្ធានុភាពនៃអំណាចស្តេចសត្វគ្រប់គ្រងដែនដី ដែលជាការរំលេចថា ការលោតម៉ុងសាយ ឬការសម្តែងរបាំតោ គឺជាការផ្តល់នូវឫទ្ធានុភាពនៃអភិបាលកិច្ចលើដែនដី និងមុខរបរ។ សត្វតោត្រូវបានគេយកទៅដាក់តាំងនៅមុខក្លោងទ្វារដើម្បីបញ្ជាក់ពីអំណាចរបស់ម្ចាស់លំនៅស្ថាន។ របាំនេះក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃនៃអរិយធម៌ចិនដែលមានអាយុកាលជាង៥ពាន់ឆ្នាំ ដើម្បីរួមចំណែកជាមួយអរិយធម៌នៃប្រជាជាតិដទៃ ដូចទៅនឹងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
2) របាំតោជាការបង្ហាញនូវអំណាចបន្លាចសត្វដទៃ ដែលជាការឆ្លុះបញ្ចាំងពីអំណាចនៅក្នុងការដេញឧបទ្រពចង្រៃដែលអាចយាយីដល់យើង ហើយផ្តល់មកវិញនូវកាលានុវត្តភាពនៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានរួមចំណែកយ៉ាងសកម្មដល់បេសកកម្មថែរក្សាសុខសន្តិភាពពិភពលោក។
3) របាំតោជាការបង្ហាញនូវមន្តស្នេហ៍នៃការទាក់ទាញ ដែលជាការរេរាំពន់ពេនរបស់សត្វតោនៅក្នុងការឆក់យកមនោសញ្ចេតនា និងមិត្តភាពដែលរួមគ្នានៅក្នុងរង្វង់នៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍសកលដែលបានផ្តួចផ្តើមដោយប្រទេសចិន។
4) របាំតោជាការបង្ហាញនូវកម្លាំងសាមគ្គីភាព ដែលជាការរំលេចពីជីវភាពរស់នៅរបស់សត្វតោដែលតែងធ្វើការងារជាក្រុម ហើយដែលជនជាតិចិនយល់ថា មានតែការគ្រប់គ្រងជាលក្ខណៈប្រព័ន្ធ ជាលក្ខណៈប្រទាក់ក្រឡាគ្នា ទើបទទួលបានជោគជ័យ ដូចជាអ្នកដែលរាំរបាំមានការស្រុះគ្នានៅគ្រប់ចលនាទាំងអស់ ហើយជនជាតិចិនយល់ថាមានតែយើងរួមគ្នាបន្ថែមពន្លឺដល់គ្នាទៅវិញទៅមក ទើបក្លាយជារស្មីបំភ្លឺផ្លូវកាន់តែចែងចាំង។ ក្នុងន័យនេះ កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជារស្មីដ៏ភ្លឺចិញ្ចាំងចិញ្ចាចដល់ប្រជាជាតិនានាក្នុងការរួមកម្លាំងគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍសកល។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានក្លាយជាយន្តការដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពរបស់ពិភពលោក។
ក្នុងន័យនេះ នាឱកាសបុណ្យចូលឆ្នាំចិន ប្រជាជាតិចិនតែងនិយមលើការលោតម៉ុងសាយ ឬការសម្តែងរបាំតោ ដើម្បីរំលេចនូវអត្ថន័យទាំង៤ខាងលើនេះ៕