រដ្ឋបាលសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះយោធា ដើម្បីនិរទេសជនចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសហ្គាតេម៉ាឡា។
មន្ត្រីអាមេរិកម្នាក់ ប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះយោធាអាមេរិក C-17 ចំនួន ២ គ្រឿង ដែលនីមួយៗផ្ទុកជនចំណាកស្រុកប្រហែល ៨០ នាក់ បានហោះពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសហ្គាតេម៉ាឡា។
យោងតាមភ្នាក់ងារ Reuters ដកស្រង់សម្តីរបស់ក្រសួងការបរទេស ដែលថា ហ្គាតេម៉ាឡា និងសហរដ្ឋអាមេរិក បានប្តេជ្ញាក្នុងការបញ្ចប់ការធ្វើចំណាកស្រុកខុសច្បាប់ និងការពង្រឹងសន្តិសុខតាមព្រំដែន ដោយចាប់ផ្តើមជាមួយនឹងជើងហោះហើរចំនួន ២ នៅថ្ងៃនេះ ។
ប្រភព បានកត់សម្គាល់ថា យោធាអាមេរិក នឹងផ្តល់ជើងហោះហើរសម្រាប់ការនិរទេសជនអន្តោរប្រវេសន៍ជាង ៥,០០០ នាក់ដែលកាន់កាប់ដោយអាជ្ញាធររដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងថ្ងៃកាន់តំណែងដំបូងរបស់លោក បានប្រកាសថា អន្តោប្រវេសន៍ខុសច្បាប់ជាគ្រាអាសន្នថ្នាក់ជាតិ ដោយប្រគល់ភារកិច្ចឱ្យយោធាអាមេរិកជួយសន្តិសុខតាមព្រំដែន ចេញបម្រាមទូលំទូលាយលើសិទ្ធិជ្រកកោន និងចាត់វិធានការរឹតត្បិតភាពជាពលរដ្ឋសម្រាប់កុមារដែលកើតនៅលើដីអាមេរិក។ បទបញ្ជាប្រតិបត្តិនៅថ្ងៃទី ២០ ខែមករា បានណែនាំដល់មន្ទីរបញ្ចកោណឱ្យបញ្ជូនកងទ័ពឱ្យច្រើនតាមដែលចាំបាច់ ដើម្បីគ្រប់គ្រងប្រតិបត្តិការពេញលេញនៃព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ៕
ដោយ៖ ពេជ្រ