ខេត្តរតនគីរី÷ ស្ត្រី៣នាក់ជិះម៉ូតូយកថង់ពណ៌ខ្មៅមួយមិនដឹងថានៅក្នុងថង់នោះមានសំរាមឬក៏មានអ្វីនោះទេ ទៅបោះចោលនៅតាមចិញ្ចើមផ្លូវសាធារណ:ជាគំរូអាក្រក់ដល់អ្នកដទៃទៀត ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីកុំធ្វើតម្រាប់តាមពួកគាត់ទាំង៣ នាក់នេះ។

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ កាមេរ៉ាសុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងត្រង់ចំណុចផ្លូវលេខ២៣ កែងនិងច្រមុះជ្រូក ក្បែររមណីយដ្ឋានបឹងកន្សែង មានស្ត្រី៣នាក់បានយកថង់ពណ៌ខ្មៅវេចខ្ចប់សំរាមទៅបោះចោល ហើយបានជិះម៉ូតូគេចខ្លួនបាត់ ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក ធូ ឃឿ អភិបាលក្រុងបានលុង បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី០១តុលានេះ ថា លោកចាំឲ្យក្រុមការងារចុះស្រាវជ្រាវនិងអញ្ជើញហៅពួកគាត់មកណែនាំជាលើកទី១។
លោកអភិបាលក្រុងបានលុងបានបញ្ជាក់ទៀតថា បើលើកទី១គាត់ធ្លាប់ធ្វើម្តងហើយ មានការណែនាំម្តង ហើយនៅតែមិនស្តាប់ទៀតឈានទៅដល់ការពិន័យជាប្រាក់ ក្រោយពីមិនរាងចាល។
អាជ្ញាធរក្រុងបានលុង ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ថង់ផ្លាស្ទិចនិងកំប៉ុងដបជ័រដែលប្រើប្រាស់រួច កុំបោះចោលនៅតាមដងផ្លូវ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ ឬក៏ដាក់ក្នុងធុងសំរាម ជៀសវាងកកស្ទះតាមប្រព័ន្ធលូបង្ហូរទឹកស្អុយ និងប៉ះពាល់ដល់បរិស្ថានក្នុងក្រុង ត្រូវនាំគ្នាថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងស្អាតមិនមានសំរាម៕
