រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Marco Rubio ដោយលោក បង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំង ២ ក្រោមរដ្ឋបាលថ្មីនៅទីក្រុងវ៉ាស៊ីនតោន ដឹកនាំដោយលោកប្រធានាធិបតី Donald Trump ។
លោក Saar បានសរសេរនៅលើបណ្តាញសង្គម X ថា មានការសន្ទនាដ៏សំខាន់មួយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលជាសម្ព័ន្ធមិត្តពិតរបស់អ៊ីស្រាអែល។ ខ្ញុំសូមអបអរសាទរចំពោះលេខាធិការ លោក Rubio សម្រាប់ការចូលកាន់តំណែង។ ខ្ញុំបានសម្តែងការកោតសរសើរ ចំពោះសកម្មភាពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់របស់លោកប្រធានាធិបតី Trump ប្រឆាំងនឹង ICC ក្រុមហ៊ូធី និងការដកទណ្ឌកម្មអយុត្តិធម៌ប្រឆាំងនឹង ជនជាតិអ៊ីស្រាអែលនៅ Judea និង Samaria (ក្រុមអ្នកតាំងលំនៅនៅច្រាំងខាងលិចនៃហ្សកដានី ។
យោងតាមរដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានឲ្យដឹងថា ក្នុងអំឡុងពេលសន្ទនា ក៏មានការពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងប្រធានបទទ្វេភាគី ផងដែរ ។
លោក បានបន្ថែមថា យើងក៏និយាយអំពីស្ថាប័នច្បាប់អន្តរជាតិដែលមានលក្ខណៈនយោបាយ និងជំហានដែលត្រូវធ្វើក្នុងរឿងនេះ។ យើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកប្រធានាធិបតី Trump និងរដ្ឋបាលរបស់លោក ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមរួមរបស់យើង និងពង្រីកសម្ព័ន្ធភាពរបស់យើង។
លោក បន្តថា ខ្ញុំបានអញ្ជើញលេខាធិការ លោក Rubio ទៅទស្សនកិច្ចនៅអ៊ីស្រាអែល ហើយយើងយល់ព្រមជួបគ្នាក្នុងពេលឆាប់ៗនេះ ៕
ដោយ៖ ពេជ្រ