ខេត្តរតនគិរី÷ ឈើសុក្រមនិងឈើសរសេកជាង២០សន្លឹកប្រមាណជិត១ម៉ែត្រគូប ឈ្មួញដុះស្លែមួយរូបប្រមូលទិញតាមភូមិមកសន្និធិទុកធ្វើអាជីវកម្មដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះចាប់និងប្រគល់ឲ្យមេព្រៃ។
ការចុះបង្ក្រាបឈើប្រណិតនេះបានធ្វើឡើងនៅវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចទីតាំងខាងក្រោយជាប់ផ្សារតាយ សេង ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
លោកវរ:សេនីយ៍ទោ ស៊ូ ហុង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានថា ឈើជាច្រើនសន្លឹកនោះត្រូវបានប្រជាពលរដ្ឋល្អប្រទះឃើញគរគ្របតង់ទុកនៅក្នុងប្លុកខាងក្រោយជាប់ផ្សារតាយសេង ហើយបានរាយការណ៍មកកាន់អ្នកសារព័ត៌មាន ក្រោយមកសារព័ត៌មានក៏បានរាយការណ៍បន្តទៅកាន់នគរបាលសេដ្ឋកិច្ចខេត្ត ចុះមកធ្វើការបង្ក្រាបនឹងរឹបអូសឈើប្រណិតទាំងអស់នោះ។
នគរបាលសេដ្ឋកិច្ចខេត្តដែលចុះបង្ក្រាបបានឲ្យដឹងបន្តថា ឈើសន្លឹកទាំងអស់នេះ ជាប្រភេទឈើសុក្រមនិងឈើត្រសេក មានមុខកាត់តូចធំ ចម្រុះត្រូវបានរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
នគរបាលសេដ្ឋកិច្ចបានបញ្ជាក់ថា ម្ចាស់ឈើជាឈ្មួញដុះស្លែជំនួញឈើនេះជាយូមកហើយត្រូវបានគេស្គាល់ឈ្មោះ ណានស៊ីថា ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួល( ចល័ត)។ គឺលោកពុំមានធ្វើការឃាត់ខ្លួនគេនោះទេ ដោយសារជាឆន្ទានុសិទ្ធរបស់តុលាការ៕